សម្តេចតេជោ ហ៊ុនសែន នឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បន្តចែកស្បៀងអាហារ ជូនពលរដ្ឋ ដែលជួបវិបត្តិ កូវីដ-១៩ តាមរយៈប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំសមាជិក សមាជិកាសាខា អនុសាខា យុវជនកាកបាទក្រហម យុវជនស.ស.យ.កខេត្ត នាំយកនូវអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុនសែន នឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៍ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងវិបត្តិ កូវីដ-១៩ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ  របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនិងជនពិការ  ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។លោកជំទាវប្រធាន ក៍បានក្រើនរម្លឹក ដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទងនឹងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុង សហគមន៍ ត្រូវថែរក្សាអនាម័យជាប្រចាំ លាងសម្អាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល ប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ជាពិសេស មិនត្រូវភ្លេច ការអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេច តេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត។

សូមបញ្ជាក់ថា អំណោយចែកជូនតាមខ្នងផ្ទះទាំង២៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ៥០ គីឡូ , ត្រីខ ១ដុំ ,ទឹកត្រី ១យួរ ,មី ១កេស, ពងទា ១ថាស ,ទឹកសុទ្ធ ២កេស ,ម៉ាស ១ប្រអប់ ,សាប៊ូ ១ដុំ ,ឃីតចំនួន ១ និងថវិការ ១០ម៉ឺនរៀល៕ដោយ សេង សុវណ្ណារិទ្ធ