អាណោចអាធម៏ណាស់!! បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ​ ត្រូវរថយន្តដឹកហ្គាស់បើកបុកនិងកិនបណ្ដាលឲ្យស្លាប់តាមផ្លូវ

ភ្នំពេញ ៖​ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះតែមកដល់ពាក់កណ្តាលផ្លូវត្រូវបុរសម្នាក់ទៀតបើករថយន្តលឿនដូចហោះជ្រុលទៅបុកពីក្រោយពេញទំហឹង​ និងកិនទាំងអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧និង ៥០នាទីយប់ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។

    សពជនរងគ្រោះមានឈ្មោះ​ យឿន​ ឈីវហុង​ អាយុ៥៤ឆ្នាំមុខរបរចង់ភៅ​ ស្នាក់នៅសង្កាតវាលស្បូវ​ ខណ្ឌច្បាអំពៅ​   

    យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្ដាល​  1S-1848  ជិះតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់បើករថយន្ត​ FUSO ដឹកហ្គាស់ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3B-2485  មកពីក្រោយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកពីក្រោយពេញទំហឹងនិងកិនបុរសម្នាក់ជនរងគ្រោះបណ្ដាលឲ្យស្លាប់​ រួចក៏បើករត់គេចអូសម៉ូតូជាច្រើនម៉ែត្រ តែពេលនោះក៏ត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងកងកម្លាំងនគរបាលខណ្ឌច្បារអំពៅដេញតាមចាប់បាននៅភូមិជ្រោយអំពិល​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រួចបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ​ តែម្ដង​ ។ 

      តាមប្រភពព័ត៌មានពីសាច់ញាតិបុរសជនរងគ្រោះ​ បានប្រាប់ឱ្យដឹងថា​ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅម្ដុំផ្សារដីហុយខណ្ឌសែនសុខ គោលបំណងត្រឡប់មកផ្ទះតែជាអកុសល់មកដល់ពាក់កណ្តាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បាប់អំពៅចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចក៏ប្រគល់រថយន្តនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តបង្កឲ្យទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។​ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ជីម​ ភារ៉ា​