អភិបាលស្រុកភ្នំស្រុកអោយពលរដ្ឋនិងមេភូមិបង់លុយថ្លៃរបរបូមខ្សាច់ជូន, បូមខ្សាច់លក្ខណះគ្រួសារ

បន្ទាយមានជ័យ៖ពលរដ្ឋនិងមេភូមិថាពិតជាបានបង់លុយថ្លៃរបរបូមខ្សាច់ជូនលោកអភិបាលស្រុកភ្នំស្រុក និងមានចំណែកដែរក្នុងការដឹកជញ្ជូនអោយខូចខាតផ្លូវជនបទ(ក្រាលកៅស៊ូ) ពីឃុំភ្នំដីទៅឃុំណាំតៅស្រុកភ្នំស្រុក ដូចការរកឃើញ ហើយបន្ទោសរបស់លោកអភិបាលខេត្តបន្ទាយមានជ័យមែន។ ប៉ុន្តែសកម្មភាពអាជីវកម្មរបស់ពួកគេមានលក្ខណៈគ្រួសារប៉ុណ្ណោះ ។
ពលរដ្ឋឈ្មោះស៊ុន សី រស់នៅភូមិរង្វានឃុំណាំតៅស្រុកភ្នំស្រុកប្រាប់កាលពីថ្ងៃទី១៦ខែឧសភាថា៖ ជាង៨ឆ្នាំមកនេះ របរកាយខ្សាច់ក្នុងស្ទឹងស្រែង នាភូមិនេះគឺធ្វើដោយចូកបែលនឹងដៃ ។តែ២ឆ្នាំមកនេះ បានប្រើម៉ាសុីនតូចបូម និងមានត្រាក់ទ័រចូកឡើងឡានតុច ធំហើយ ។ពលរដ្ឋបានបន្តថា ៖ ក្នុងពោះស្ទឹងស្រែងដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ដែលជាតំបន់ដាចស្រយាលក្នុងចម្ងាយជាង៨០គម ខេត្តបន្ទាយមានជ័យនេះ មានរ៉ែខ្សាច់បូក ហើយអាចលក់បានតម្លៃ២ម៉ឺនរៀល/១ម៉ែត្រគីប។ហើយក្នុង១កន្លែងៗ នារដូវប្រាំងអាចបូមនិងលក់បានពី១៥ទៅ២០គីប ។
ពលរដ្ឋបន្តថា ៖ របរនេះ ក្រៅពីចំណាយផ្ទាល់ខ្លួនលើកម្មករ ថ្លៃប្រេង ថ្លៃសាហ្សើចូកនិងថ្លៃផ្លូវកាត់ដីគេ គឺមានតែចំណាយក្រៅដោយបង់ទៅលោកអភិបាលស្រុកភ្នំស្រុក តាមរយៈលោកមេភូមិប៉ុណ្ណោះ ។គឺក្នុង១កន្លែងគឺ១កន្លែងត្រូវបង់៥០មឺុនរៀល/មួយរដូវ ។
ចំណែកលោកអ៊ូ ស្រូច មេភូមិរង្វានឃុំណាំតៅស្រុកភ្នំស្រុកប្រាប់ថា ៖ របរបូមខ្សាច់ក្នុងស្ទឹងស្រែងរបស់អ្នកភូមិនេះជាលក្ខណៈគ្រួសារទេ ។គឺមានកន្លែង/រណ្តៅបូមម់ាស៊ីនចំនួន១២កន្លែង ក្នុងនោះ២កន្លែង បូមទៅខាងដីខេត្តសៀមរាប ។ លោកបានបន្តថា ៖ សព្វថ្ងៃ ក្នុងរដូវប្រាំង ការលក់ខ្សាច់ចេញមានពី៨ទៅ១០ឡាន ដែលក្នុង១ឡានៗអាចដឹកបានពី១៥ទៅ១៨ម៉ែត្រគីប។ ហើយក៏មានឡានផ្លូវ២ឬយីឌុបចូលមកដឹកផងដែរ ។

លោកមេភូមិបានបន្តថា ៖ ប្រវត្តិនៃការរកឃើញនិងចូកខ្សាច់នៅភូមិនេះ មកពីភូមិតូចមួយនេះនៅដាច់ស្រយាល ក្រីក្រ ទើបអ្នកស្រុកខ្លះប្រកបរបរនេះ ។ចំពោះការចំណាយវិញ របរបូមខ្សាច់នេះ គឺមានតែចំណាយផ្ទាល់ខ្លួននិងចំណាយបង់ជូនលោកអភិបាលស្រុកភ្នំស្រុក ដោយលោកដើរប្រមូល ហើយយកទៅបង់នៅសាលាស្រុកប៉ុណ្ណោះ គឺចំនួន៥ផម៉ឺនរៀល/ ១កន្លែង ។
ទាក់ទិននឹងការធ្វើអោយខូចខាតផ្លូវជនបទក្រាលកៅស៊ូភ្នំដី -ណាំតៅនិងផ្លូវសាធារណៈការខេត្តភ្នំស្រុក- ព្រៃមាន់ លោកអ៊ូ ស្រួចបាននិយាយថា ៖ អាចថាវាខូចក្នុងជាង១ឆ្នាំមកមែន ប៉ុន្តែមិនអាចបន្ទោសក្នុងអំឡុងមានឡានខ្សាច់ធំៗចូលនោះទេ ។ ឡានខ្សាច់ មានមួយចំណែក ។តែ ជាក់ស្តែងឡានមកដឹកខ្សាច់ ក៏បានដឹកទំនិញធុនធ្ងន់ចូលមកដែរ ។ ហើយក៏មានឡានធុនធំដឹកស្រូវ ដឹកដំឡូងយ៉ាងច្រើនដែរ ទើបធ្វើអោយខូចផ្លូវ។
សូមរំលឹកថា កាលពីម៉ោង៤ល្ងាចថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២១ នគរបាលស្រុកភ្នំស្រុកបានឃាត់និងធ្វើកិច្ចសន្យារថយន្តចំននួ៤គ្រឿង លួចដឹកដីនិងខ្សាច់លើសទម្ងន់នៅចំណុចផ្លូវអក្សរTផ្លូវបំបែកទៅឃុំណាំតៅនិងឃុំស្ពានស្រែង ស្ថិតក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ។
ការចាប់នេះធ្វើឡើងតាមបទបញ្ជារបស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏ដូចជាបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
ក្នុងពេលចាប់រថយន្តនោះ អ្នកបើកបរនិងម្ចាស់រថយន្តបានតវ៉ាថា ហេតុអីក៏មានសមត្ថកិច្ចចេញចាប់ឡានពួកគេទៀត បើពួកគេបានបានបង់លុុយជូនចៅហ្វាយស្រុកហើយនោះ ៕ដោយ៖ ឃិន គន្ធា