បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសសមាសភាពក្រុមប្រឹក្សា នឹងដំណើរការអនុវត្តចលនាប្រឡងប្រណាំងខ្លឹមសារទាំង៥

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រឹក្សា នឹងដំណើរការអនុវត្តចលនាប្រឡងប្រណាំងទាំង៥ខ្លឹមសារ ដែលថ្នាក់លើបានដាក់ចេញ ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ កិច្ចប្រជុំនេះបានធ្វើឡើង នៅថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានកិត្តិយសក្រុម ប្រឹក្សាប្រឡងប្រណាំងនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ខ្លឹមសារប្រឡងប្រណាំងទាំង៥ ទី១/. ការពារបូរណភាពទឹកដី ត្រៀមប្រយុទ្ធនិងការងារល្អ ២/.ហ្វឹកហ្វឺនអប់រំរៀនសូត្រល្អ ៣/.ការគោរពវិន័យ និងស្មារតី សតិអារម្មណ៍ល្អ ៤/. ការដឹកនាំអង្គភាព និងសាមគ្គីសហការល្អ
៥/.គ្រប់គ្រងកម្លាំង សព្វាវុធ គ្រឿងចក្រ សម្ភារ និងការងារចិញ្ចឹមទ័ពល្អ។
ដោយអនុវត្តន៍តានផែនការ របស់ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៤ បានប្រកាសកែសម្រួលសមាសភាពក្រុមប្រឹក្សា និងលេខាធិការដ្ឋាន អចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាប្រឡងប្រណាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជការរង នាយសេនាធិការ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំអំពីតួនាទីភារកិច្ច និងការបែងចែកផែនប្រឡងប្រណាំង តាមអង្គភាពនីមួយៗ ដើម្បទទួលខុសត្រូវ ក្នុងការសម្រេចភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ឆ្នាំនេះយោធភូមិភាគទី៤បានបន្តឲ្យតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ធ្វើជាប្រធានផែន ក្នុងចលនាប្រឡងប្រណាំងរបស់ខេត្តទាំង៤ ចំណុះយោធភូមិភាគទី៤ និងស្នើសុំឲ្យមេបញ្ជាការគ្រប់កងឯកភាព ប្រធានផែនចលនាប្រឡងប្រណាំងនីមួយៗ ប្រឹងប្រែងពុះពារ ដណ្តើមយកស្នាដៃក្នុង ការប្រឡងប្រណាំងនេះ ពិសេសការងារបង្កបង្កើនផល ចិញ្ចឹមសត្វលើកស្ទួយជីវភាពកងទ័ព ឲ្យកាន់តែប្រសើរឡើង ក្នុងកាលៈទេសៈដែលប្រទេសជាតិយើងនឹងពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹក ដល់យោធិនទាំងអស់ត្រូវបន្តអនុវត្តន៍វិធានការការពារ ទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ដោយអនុវត្តន៍ តាមវិធានការ៣កុំ ៣ការពាររបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ដោយ ប៊ុន រដ្ឋា