លោក គួច ចំរើន ការឆ្លងរាលដាលនៃជំងឺកូវីជ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាលបន្តិចហើយ

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំនាព្រឹក ថ្ងៃទី១៩ខែ ឧសភា ឆ្នាំ ២០២១ ស្តីពីសេចក្តីព្រាងសេចក្តីណែនាំ និងការអនុវត្តស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរ នៅតាម លំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្ត ព្រះសីហនុ បានមានប្រសាសន៏បញ្ជាក់ថាការឆ្លងរាលដាលនៃជំងឺកូវីជ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈនៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាលបន្តិចហើយ។ទាំងនេះគឺជាការរូមគ្នាទទូលខុសត្រូវខិតខំបំពេញការងារប្រកបដោយស្មារតី និងឆន្ទ:របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយើងទាំងគ្នា។
លោក គួច ចំរើន បានបញ្ជាក់ថា មកដល់ពេលនេះការឆ្លងរាលដាលនៃជំងឺកូវីជ-១៩ ក្នុង«ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ»នៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាលបន្តិចហើយដោយសារវិធានការនានាត្រូវបានដាក់ចេញព្រមទាំងការចូលរួមរអនុវត្តយ៉ាងសស្រាក់សស្រាំពីអ្នកពាក់ព័ន្ធរួមមានថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋាននិងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្រុមគ្រូពេទ្យអ្នកស្ម័គ្រចិត្តរួមទាំងប្រជាពលរដ្ឋមួយចំនួនធំព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យរដ្ឋបាលខេត្តព្រះសីហនុអាចគ្រប់គ្រងស្ថានភាពបានជាបណ្តើរៗ ហើយតួលេខនៃករណីឆ្លងជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។
ប៉ុន្តែទន្ទឹមនឹងនេះតាមរយៈការដាក់ចេញនូវវិធានការនានាក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះក៏បានធ្វើឱ្យប៉ះពាល់ដល់វិស័យសង្គមនិងសេដ្ឋកិច្ចទូទៅជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់មុខរបរពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងជាទូទៅផងដែរក្នុងនោះការលក់ដូរទំនិញរបស់បងប្អូនអាជីវករនៅតាមផ្សារនានានៅក្នុងក្រុងព្រះសីហនុត្រូវបានផ្អាកអាជីវកម្មលក់ដូរទាំងស្រុងព្រោះថាបើយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមានការលំបាកគ្រប់គ្រងស្ថានការណ៍និងងាយរងគ្រោះថ្នាក់ជាទីបំផុត។ ដោយហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុនៅបន្តបិទអាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មាន សណ្តាប់ធ្នាប់។
ដូចនេះដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្តារ សេដ្ឋ កិច្ច-សង្គមឡើងវិញ ក៏ដូចជាទម្លាប់ឱ្យប្រជាពលរដ្ឋយើងរស់នៅតាមបែបគន្លងថ្មី រដ្ឋបាលខេត្ត សូមលើក ចិត្តឱ្យ បងប្អូនអាជីវករលក់ដូរតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដោយអនុវត្តតាម គោល ការណ៍ណែនាំពីស្តង់ដារសុវត្ថិភាពដែលដាក់ចេញដោយរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩៕នាគសមុទ្រ