បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបែងចែកសម្ភារៈបរិក្ខាពេទ្យជូនដល់តាមបណ្ដាកងឯកភាពចំណុះដើម្បីប្រើប្រាស់ការពារជំងឺកូវីដ១៩

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបែងចែកសម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ ជូនដល់តាមបណ្ដាកងឯកភាពចំណុះ ដើម្បីប្រើប្រាស់ការពារជំងឺកូវីដ១៩ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ ដែលអំណោយទាំងនេះ ទទួលបានការជួយឧបត្ថម្ភពី គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជន វៀតណាមកាលពីថ្មីៗកន្លងទៅនេះ។

សម្ភារៈដែលបានធ្វើការបែងចែកនាថ្ងៃនេះសរុបមាន ម៉ាស់៤ ស្រទាប់ចំនួនដប់ម៉ឺនម៉ាស ជែលសម្លាប់មេរោគសម្រាប់លាងសម្អាតដៃប្រាំរយដប សម្លៀកបំពាក់គ្រូពេទ្យសំរាប់ការពារមេរោគចំនួន ១០០ សម្រាប់ ធុងបាញ់ថ្នាំចំនួន១០ ធុង ថ្នាំសម្លាប់មេរោគចំនួន២២៥គីឡូក្រាម មីចំនួន 5០០កេស និងត្រីខកំប៉ុងចំនួន 20 កេស ជូនដល់បណ្តាកងឯកភាព ចំណុះឲ្យ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ មេបញ្ជាការកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់សម្ភារៈ ដែលបានប្រគល់ជូន ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ស្ថាប័នជំនាញ ដើម្បីបម្រើអង្គភាព និងបម្រើប្រជាជន រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ 19 និងបានក្រើនរំលឹកដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ ត្រូវអនុវត្តឲ្យបានម៉ឺង ម៉ាត់តាមវិធានការ 3 កុំ និង៣ការពារ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ គណៈបញ្ជាការ យោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀត ណាមជាមិត្ត ដែលតែងតែជួយឧបត្ថម្ភ និងជំនួយផ្សេងៗដូចជាអាគារសម្រាប់ស្នាក់នៅនិងធ្វើការងារ គ្រឿង សម្ភារៈប្រើប្រាស់ក្នុងអង្គភាព ការជួយព្យាបាលជំងឺជូនដល់គ្រួសារកងទ័ព អតីតយុទ្ធជន និងបានផ្តល់ជាបន្តបន្ទាប់នូវបរិក្ខារពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ព្រមទាំងគ្រឿង ឧបភោគបរិភោគជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បម្រើការក្នុងវិស័យមនុស្សធម៌នាពេលកន្លងមកផងដែរ ។ដោយ ប៊ុន រដ្ឋា