អាជ្ញាធរបង់ក្លាដេស្ហ បានដាក់ចេញនូវការបិទខ្ទប់ក្នុងជំរំ៥ របស់ក្រុមជនជាតិរ៉ុហ៊ីងយ៉ា ក្រោយការរកឃើញ ការកើនឡើងនៃការឆ្លងកូវីដ១៩។ យោងតាមអាអេហ្វប៉េ ការបិទខ្ទប់នេះ គឺរារាំងសកម្មភាពជួបជុំគ្នារវាងពីជម្រំមួយទៅជម្រំមួយ ដែលជាតំបន់ប្រមូលផ្តុំជនភៀសខ្លួន រ៉ូហ៊ីយ៉ា នៃប្រទេសមីយ៉ាន់ម៉ា ចំនួនជាង១ម៉ឺននាក់កំពុងរស់នៅ។ មន្ត្រីគ្រប់គ្រងជម្រំ ឈ្មោះ ស្ហាំស៊ូដ បានថ្លែងថា ការបិទខ្ទប់នេះ បានធ្វើតាំងពីថ្ងៃព្រហស្បតិ៍នោះមក ក្រោយការរកឃើញករណីឆ្លងបានកើតលើជម្រំទាំង៥នោះ។ សេចក្តីរាយការណ៍បង្ហាញថា អាជ្ញាធរបង់ក្លាដេស្ហ បានបង្កើតជម្រំចំនួន៣៤កន្លែង ក្នុងស្រុក Cox’s Bazar ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជិត៩ពាន់នាក់ រស់នៅ ក្រោយពេល ដែលពួកគេបានរត់ចេញពីប្រទេសមីយ៉ាន់ម៉ា ដែលមានអំពើធ្វើទុក្ខបុកម្នេញនោះ។ មន្ត្រីគ្រប់គ្រងជម្រំ លោក ស្ហាំស៊ូដ បានថ្លែងថា ក្នុងការអនុវត្តបិទខ្ទប់នោះ សូម្បីតែមន្ត្រីផ្តល់ជំនួយក្នុងជម្រំ ក៏ត្រូវបានរារាំងមិនឲ្យចេញចូល ដែរ ប៉ុន្តែអនុញ្ញាតមនុស្សមួយចំនួនតូច ដែលបំរើកិច្ចការសុខាភិបាលនិងអ្នកចែកចាយស្បៀងអាហារ និងហ្គាស តែប៉ុណ្ណោះ អាចធ្វើការចេញចូលបាន។ ការបិទខ្ទប់នោះ បានធ្វើឡើង ក្រោយការធ្វើតេស្តរកឃើញអ្នកភៀស ខ្លួន រ៉ូហ៊ីងយ៉ាចំនួន៤៥នាក់មានវិជ្ជមានកូវីដ១៩កាលពីថ្ងៃពុធ និងក្រោយមកនៅថ្ងៃព្រហស្បតិ៍ មនុស្ស៤៥នាក់ផ្សេង ទៀតក៏ត្រូវបានរកឃើញឆ្លងនឹងកូវីដ១៩នោះផងដែរ។ លោកបានថ្លែងថាដូច្នេះជម្រំដែលត្រូវបិទមានចំនួន៥៕