China’s ‘shaking building’ to stay closed for inspection

អគារខ្ពស់កប់ពពកមួយក្នុងប្រទេសចិន ដែលបានរញ្ជួយនិងបង្កឲ្យមានការភិតភ័យដល់មនុស្សជាច្រើននោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត និងមនុស្សទាំងអស់ ដែលរស់នៅក្នុងអគារខ្ពស់នោះ ត្រូវបានគេប្រាប់ឲ្យចាកចេញសិន ដើម្បីសុវត្ថិភាព។ យោងតាមទីភ្នាក់ងារអាអេហ្វប៉េ អគារកំពស់៣០០ម៉ែត្រ ឈ្មោះ SEG Plaza ក្នុងក្រុងភាគខាងត្បូង Shenzhen ក្បែរកោះហុងកុងនោះ បានរងការរញ្ជួយកាលពីរសៀល ថ្ងៃអង្គារ៍ទី១៨ឧសភា ដែលបានធ្វើឲ្យមនុស្សភិតភ័យ និងបាននាំគ្នារត់ចេញស្លន់ស្លោ។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន បានបដិសេធជុំវិញករណីរញ្ជួយនោះ បណ្តាលមកពីការរញ្ជួយដី ប៉ុន្តែគេនៅមិនទាន់ដឹងថាហេតុអ្វីជាអគារនោះ បានរញ្ជួយនាពេលនោះទេ។ សេចក្តីរាយការណ៍បានដកស្រង់សម្តីម្ចាស់អគារខ្ពស់នោះ ដែលបញ្ជាក់ថា គេនឹងមិនអនុញ្ញាតឲ្យមាន អ្នកណាម្នាក់ចូលក្នុងអគារនោះវិញឡើយ ដោយរង់ចាំការស៊ើបអង្កេតបានបញ្ចប់នោះសិន។ ការរារាំងមិនឲ្យចេញ ចូលអគារនោះ នឹងមានសុពលភាពចាប់ពីថ្ងៃសុក្រនេះទៅ។ យោងតាមមន្ត្រីចិន ក្រុមវិស្វករត្រូវបានគេបញ្ជួនទៅ តាមដានករណីអគាររញ្ជួយនោះតាំងពីយប់ថ្ងៃអង្គារ៍នោះមក ប៉ុន្តែគេនៅមិនទាន់រកឃើញតម្រុញណាមួយដែល បានជាប់សង្ស័យនោះទេ។ ក្រុមវិស្វករ ត្រូវគេឃើញបានប្រើប្រាស់ Drones ជាច្រើនគ្រឿងក្នុងសប្តាហ៍នេះដើម្បី តាមដានសំណង់អគារនេះដែលត្រូវបានគេសាងសង់រួចកាលពីឆ្នាំ២០០០កន្លងមកនោះ៕