អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់សំណង់លូរំដោះទឹកកខ្វក់ចេញពីក្រុងកំពត និងស្រុកទឹកឈូ

(ខេត្តកំពត)៖ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យការដ្ឋានស្ដារប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីទីក្រុងកំពត និងស្រុកទឹកឈូ ស្ថិតនៅចំណុចស្ពានភូមិតាអេង សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ ការចុះពិនិត្យនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត លោកអភិបាលក្រុងកំពត លោកអភិបាលស្រុកទឹកឈូ និងលោកមេឃុំចៅសង្កាត់ពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើផងដែរ។

គម្រោងស្តារប្រព័ន្ធលូរំដោះទឹកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្ដាល ឃុំជុំគ្រៀល និងឃុំត្រពាំងធំ ដែលកន្លងមកតែងតែទទួលរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង ព្រោះតែប្រព័ន្ធរំដោះទឹកចាស់មិនអាចដោះទឹកហូរបានទាន់ពេល។ 

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់លូ ដែលបានចូលរួមក្នុងការរុះរើសំណង់ដែលប៉ះពាល់លើគម្រោងនេះដោយស្ម័គ្រចិត្ត និងរីករាយសាទរទទួលយកការអនុវត្តគម្រោងនេះដោយរដ្ឋបាលខេត្តកំពត។

សូមបញ្ជាក់ដែរថា គម្រោងស្តារលូនេះមានទទឹងសរុបប្រវែង១៤ម៉ែត្រ (បូកទាំងចិញ្ចើមលូ និងសំណង់លូ) ដោយឡែកសំណង់លូ មានទទឹង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ សាងសង់ជា លូប្រអប់មានគម្របខាងលើ ដើម្បីរក្សាឲ្យមានបរិស្ថានស្អាតល្អ បំបាត់ក្លិនស្អុយ និងនៅសងខាងលូសាងសង់ផ្លូវបេតុងតាមស្ថានភាពជាក់ស្ដែងសម្រាប់បងប្អូនធ្វើដំណើរ៕ សេង​ ណារិទ្ធ