គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីសប្បុរសជន

សៀមរាប៖ នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រតិភូក្រុមប្រឹក្សាខេត្ត ដឹកនាំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃ គណៈអភិបាលខេត្ត បាននាំយកនូវថវិកា ប្រគល់ជូនគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា អំពីលទ្ធផលការងារគ្រោះមហន្តរាយ ឆ្នាំ២០២០និង២០២១ ចាប់ពី(ខែមករា ដល់ខែឧសភា ) ក្នុងនោះនៅឆ្នាំ២០២០ គ្រួសារងាយរងគ្រោះ, អគ្គីភ័យ ,ខ្យល់កន្ត្រាក់ , ទឹកជំនន់ និង ឧបទ្ទវហេតុ មានចំនួនសរុប ៤ពាន់៧៦៤គ្រួសារ/នាក់ ។ លទ្ធផលការងារឆ្នាំ២០២១ ពីខែមករា ដល់ថ្ងៃទី ២៤ឧសភានេះ មានគ្រួសារងាយរងគ្រោះ , អគ្គីភ័យ , ខ្យល់កន្ត្រាក់ និង ឧបទ្ទវហេតុ មានចំនួនសរុប ១ពាន់២១០គ្រួសារ/នាក់ ។ ចំពោះមូលនិធិទទួលបាន ក្នុងខួបលើកទី១៥៨ ទិវាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១នេះ គិតជាប្រាក់ដុល្លា មានចំនួនសរុប ២៤០ពាន់៧១៣ដុល្លាសហរដ្ឋអាមេរិក រួមទាំងសម្ភារៈ មានអង្ករ ៩តោន , មី ២៥កេស , ទឹកត្រី ១០យួរ ,ម៉ាស់ ១កេស និង អាល់កុល ៣០លីត្រ ។

ក្នុងចំណាប់អារម្មណ៍របស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ ពីភាពយក ចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត ក្នុងកៀគរប្រមូលមូលនិធិ ដើមី្បទ្រទ្រង់ ចលនាកាកបាទក្រហម ព្រមទាំងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ កុំឲ្យមានការឆ្លង ជាសហគមន៍ទៀតផង ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ បងប្អូនសប្បុរសជន ជាពាណិជ្ជករ អាជីវករ ក្រុមហ៊ុន សិស្ស និសិ្សត ដែលបានបរិចាកធនធានផ្ទាល់ ខ្លួន ក្នុងការទ្រទ្រង់ចលនាកាកបាទក្រហម ។ សកម្មភាពក្នុងការទទួលថវិកាពីបងប្អូនសប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ក៏បានសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។ ឯកឧត្តមក៏ បានបន្តទៀតថា ទោះបីយើងបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ក៏ពិតមែន ក៏ប៉ុន្តែចំពោះទឹកចិត្តរបស់បងប្អូនក៏បានបញ្ចេញនូវទឹកចិត្តដ៏សប្បុរសធម៌ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ ព្រមទាំងបានជួយ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិផងដែរ ។ ម៉្យាងទៀតរាល់ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប គឺជាការរួមចំណែកមួយ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំ និង កងកម្លាំង សប្បុរសជន បានធ្វើការបរិច្ចាគដោយសទ្ធាជ្រះថ្លា ហើយសកម្មភាពទាំងនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក ។

ឯកឧត្តមបានបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកាទាំងនេះ ឲ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ដើមី្បភាពសុខសាន្តយើងរាល់គ្នា ត្រូវធ្វើការកែប្រែរបៀបរស់នៅទៅតាម គន្លងបែបថ្មី ក្រោយពេលបញ្ចប់នៃជម្ងឺកូវិដ១៩ ពីភពផែនដីយើងនេះ ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់រាជរដ្ឋា ភិបាលកម្ពុជា ៣កុំ ៣ការពារ និង ២ចូលរួម ព្រមទាំងសេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ ពីព្រោះថា កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ៕