កំពតៈ ប្រជាពលរដ្ឋងាយរងគ្រោះនិងរងផលប៉ះពាល់ដោយជំងឺកូវី១៩ចំនួន ៩៨ គ្រួសារក្នុងស្រុកជុំគិរីទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះនិងរងផលប៉ះពាល់ដោយសារជំងឺកូវី១៩ ចំនួន៩៨ គ្រួសារមកពីឃុំចំនួន៥ក្នុងស្រុកជុំគិរីខេត្តកំពត នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះ បានមកទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាល័យហ៊ុន សែនអង្គរចក ស្រុកជុំគិរី ក្រោមវត្តមាន អញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាវ តាយប្រធានគណៈកម្មាធិការសាខានិងជាអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខាកាកបាទក្រហមផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមជាវ តាយ បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនាឱកាសនោះ ។ ជានិច្ចកាល សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខលំបាកនិងជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ ដែលជាជំងឺឆ្លងសកល។
ប៉ុន្តែទោះបីយ៉ាងណាសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តែងបានជំរុញណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ និងកាកបាទក្រហមរាជធានី ខេត្ត ក្រុង ស្រុក បញ្ចេញនាំស្បៀងអាហារគ្រឿងឧបភោគបរិភោគសម្ភារៈនិងថវិកា ដើម្បីជួយដល់ដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះនឹងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ មិនរើសអើង និងមិនទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយឡើយ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានសផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួននូវ ការអនុវត្តវិធានការអនាម័យល្អ ។ ពិសេសវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានឆ្លងចូលដល់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិយើង។ឯកឧត្តមជាវ តាយក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ បង្កបង្កើនផលចិញ្ចឹមសត្វដើម្បីបានផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែល្អប្រសើរឡើងថែមទៀត និងត្រូវប្រុងប្រយ័ត្នការពារនូវគ្រោះបាតុភូតធម្មជាតិផ្សេងៗពិសេសបាតុភូតផ្គររន្ទះព្រោះរដូវនេះជារដូវភ្លៀងធ្លាក់មកដល់។
អំណោយបានចែកជូនប្រជាពលរដ្ឋចំនួន៩៨គ្រួសារនាឱកាសនោះក្នុងមួយគ្រួសារអង្ករ ២៥គីឡូទឹកសុទ្ធ ០១កេស ទឹកត្រី និងត្រីខ រួមនិងថវិកាមួយចំនួនទៀត ។ ក្នុងឱកាសនោះឯកឧត្តម ជាវតាយ ក៏បានជូនថវិកាសរុបចំនួន៤៥ម៉ឺនរៀលដល់ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកក្របាទក្រហម កងកំលាំងទាំងបីនិងប្រជាការពារផងដែរ។សិលា សារិន