មន្ត្រីសាលាស្រុកស្វាយចេក៤រូបត្រូវបានចេញមកទទួលភារកិច្ចថ្មីក្នុងស្រុកនិងក្រៅស្រុក

បន្ទាយមានជ័យ៖មន្ត្រីសាលាស្រុកស្វាយចេក៤រូប ត្រូវបានចេញមកទទួលភារកិច្ចថ្មីក្នុងស្រុកនិងក្រៅស្រុក ក្នុងខេត្តបន្ទាយមានជ័យ នេះបើយោងពិធីប្រកាសផ្ទេរភារកិច្ច មន្ត្រីរាជការនៃរដ្ឋបាលស្រុកស្វាយចេកនិងរដ្ឋបាលក្រុង សិរីសោភ័ណ ក្នុងពេលព្រឹកនិងពេលរសៀល ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ នៅសាលាស្រុក ក្រុងទាំង២ ក្រោមអធិបតីភាព ឯកឧត្ដមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ និង ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត ។
លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក ក៏ដូចលោកហ៊ឺល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានស្វាគមន៍និងរាយការណ៍សង្ខេបពីស្ថានភាពទូទៅនៃស្រុក ក្រុងរបស់ខ្លួនដោយផ្តោតលើជីវភាពពលរដ្ឋ ការប្រកបរបររកសុី ការបង្កកបង្កើនផល ការប្រឈមមុខនឹងបញ្ហាលំបាកខ្វះខាតដែលបង្កពីការរីករាលដាលជម្ងឺកូវីដ១៩ ការបង្កើនការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ការចាក់វ៉ាក់សាំងនិងការឆ្លងជម្ងឺនេះជាដើម ។
លោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបន្ទាយមានជ័យបានអានប្រកាសក្រសួងមហាផ្ទៃស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងជូនមន្ត្រីរាជការ ។
ក្នុងនោះសម្រាប់រដ្ឋបាលស្រុកស្វាយចេក គឺ១/ លោកស៊ុត ង៉ុយ អភិបាលរងស្រុកនេះដែលចប់អាណត្តិ ត្រូវផ្ទេរទៅជាអភិបាលរងក្រុងប៉ោយប៉ែត។ ២/ លោក សារ៉ាយ ពេត អភិបាលរងស្រុកស្វាយចេក ទៅបម្រេីរការងារជាមន្ត្រីនៃសាលាខេត្តបន្ទាយមានជ័យ ។ ៣/ លោក ស៉ិន ប៊ុនស៉ីវ នាយករងរដ្ឋបាលសាលាស្រុក ត្រូវបានតែងតែជា អភិបាលរងស្រុកស្វាយចេក ជំនួសលោក សារ៉ាយ ពេត។ និង៤/ លោក ខែម រិទ្ធី នាយករងរដ្ឋបាលសាលាស្រុកស្វាយចេកត្រូវបានតែងតែជា អភិបាលរងក្រុង សិរីសោភ័ណ ជំនួសលោក ម៉ៅ វណ្ណា ដែលចប់អាណត្តិ ។
លោកស៉ិន ប៊ុនស៉ីនិងលោកខែម រិទ្ធី អភិបាលរងស្រុក ក្រុងទទួលភារកិច្ចថ្មីបានថ្លែងអំណរគុណចំពោះថ្នាក់ក្រោមនិងថ្នាក់លើដែលបានផ្តល់ទំនុកចិត្តផ្តល់តួនាទី ភារកិច្ចដល់ពួកលោក ហើយលោកបានប្តេជ្ញាថានឹងខិតខំបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធិភាពនិងប្រកបដោយការទទួលខុសត្រូវ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណគណដល់គុណបំណាច់មន្ត្រីរាជការដែលផ្ទេរចេញនិងចូល ហើយសង្ឃឹមថា ធនធានមនុស្សដែលទទួលភារកិច្ចថ្មីនេះនឹងចូលរួមចំណែកបំពេញការងារបានរឹងរឹតតែល្អប្រសើរនិងបានលទ្ធផល ក៏ដូជាសមិទ្ធផលថ្មីទៀត ។
ឯកឧត្ដម អ៊ុ រាត្រី បានស្នើអោយមន្ត្រីបន្តសកម្មចូលរួមទ្រោលសភាពការណ៍ថ្មីដែលកើតមានក្នុងស្រុកស្វាយចេកនិងក្រុងសិរីសោភ័ណ ។ពិសេសគឺកាប្រយុទ្ធប្រឆាំងនឹងការររីករាលដាលនៃជម្ងឺកូវីដ ១៩ ការដោះស្រាយផលប៉ះពាល់ពីជម្ងឺនេះលើជីវភាពពលរដ្ឋ ៕ដោយ៖ ឃិន គន្ធា