ស្រីម្នាក់នៅក្នុងប្រទេសឥណ្ឌារត្រូវសត្វខ្លាស្រេកឃ្លានមួយក្បាលវាយប្រហារដោយលោត ចូលទូកខាំអូសចូលក្នុងព្រៃបាត់ទៅ។ ហេតុការគ្រោះថ្នាក់កើតឡើងនៅពេលដែលស្ត្រីខាងលើនិងស្វាមីចាប់ក្តាមនៅតំបន់ sunderbans ជាផ្នែកមួយនៃព្រែក Ganges ហូរចាក់ទៅឈូងសមុទ្រBengal ក្នុងប្រទេសឥណ្ឌា។ ស្ត្រីសំណាងអាក្រក់មានឈ្មោះBhagawati Mondal អាយុ៤២ឆ្នាំ ។ សាក្សីបានឲ្យដឹងថា នៅពេលសត្វខ្លាវាយប្រហារ លើទូកមានមនុស្ស២នាក់ ប៉ុន្តែអសម្ថភាពជួយសង្គ្រោះបានត្រឹមតែសម្លឹងមើលខ្លាខាំអូសស្ត្រីនោះចូលទៅក្នុងព្រៃ Pirkhali បាត់ស្រមោល។
សារព័ត៌មាន The Times of India បានផ្សព្វផ្សាយថា តំបន់ដែលជួបហេតុការគ្រោះថ្នាក់ខាងលើបានដាក់ស្លាកបដាហាមនេសាទ ដោយនៅទីនោះតែងតែរងការវាយប្រហារពីខ្លាកំណាចខាំស៊ីសាច់មនុស្សជាច្រើនលើកកន្លងមក។ ករណីខ្លាខាំអូសស្ត្រីចូលក្នុងព្រៃបែបនេះមិនមែនជាលើកទីមួយនៅឡើយ គឺទី៦ហើយនៅក្នុងឆ្នាំនេះ ។ ការកាប់បំផ្លាញព្រៃឈើបានធ្វើឲ្យទីជម្រកសត្វព្រៃត្រូវបាត់បង់ ហើយសត្វខ្លាដែលស្រេកឃ្លានតែងតែចាកចេញពីព្រៃទៅរកចំណីតាមភូមិ និងវាយប្រហារខាំមនុស្សជាច្រើន៕