ខេត្តកំពង់ធំ៖ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកទេយ្យទាននិងបច្ច័យដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន នាំយកទៅប្រគេនព្រះចំនួន៣៤អង្គ ដែលគង់ចាំព្រះវស្សានៅវត្តក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ ។
សកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការ សំណូមពររបស់គណៈកម្មការអាចារ្យវត្តឌួងសូរីយាហៅវត្តក្តីដូង ដែលមានការខ្វះខាតចង្ហាន់ បណ្តាលមកពី ព្រះសង្ឃមិនបាននិមន្តចេញទៅបិណ្ឌបាត្រ និងពុទ្ធបរិស័ទមិនបានយកចង្ហាន់មកប្រគេនព្រះសង្ឃ តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានផ្តាំផ្ញើឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ មើលថែទាំពីសុខភាព ជីវភាពប្រចាំថ្ងៃចំពោះព្រះសង្ឃនិង ប្រជាពលរដ្ឋទូទៅ ក្នុងពេលដែលប្រទេសជាតិ កំពុងរងផលប៉ះពាល់មេរោគកូវីត19 និងសូមអំពាវនាវឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ៣កុំ និង ៣ ការពាររបស់សម្ដេចតេជោហ៊ុនសែន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាអំណោយដែលបាន ប្រគេនរួមមាន អង្ករ២៥០ គីឡូក្រាម មី15 កេស ត្រីខកំប៉ុង ១០ យួរ ទឹកត្រី៥យួរទឹកក្រូច២កេស ទឹកបរិសុទ្ធវីតាល់៤កេស ទឹកបរិសុទ្ធ 40យួរ ម៉ាស 500 ម៉ាស ជែល សម្លាប់មេរោគ10 ដប . និងបច្ច័យមួយចំនួនផងដែរ។ព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តព្រមទាំងយាយជីតាជី ថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែតនិង លោកជំទាវ ពេជ្រ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រគេននៅទេយ្យទានទាំងនេះដល់ព្រះសង្ឃ និង យាយជី តាជី ដែលកំពុងមានការខ្វះខាតបាន ទាន់ពេលវេលា ។ដោយ ប៊ុន រដ្ឋា





































