ឯកឧត្តមអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងឧបត្ថម្ភអង្ករ១០០០គ/ក ដើម្បីបម្រើការងារមនុស្សធម៌

ខេត្តកំពង់ធំៈ ឯកឧត្តមអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអង្ករចំនួន១,០០០ គីឡូក្រាម ដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានការ ខ្វះខាត និងអតីតយុទ្ធជនដែលជួបការលំបាក ពិធីនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា អំណោយទាំងនេះ គឺត្រូវបានការជួយឧបត្ថម្ភពីសំណាក់ ឯកឧត្តមអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានមើលឃើញនូវសកម្មភាព បម្រើអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវការខ្វះខាត ជាពិសេសក្នុងពេលស្ថានភាព ប្រទេសជាតិជួបវិបត្តិបញ្ហាកូវិដ១៩ តែងតែចុះជួយយ៉ាងមមាញឹកដូចភ្លៀងរលឹម ដើម្បីចែករំលែកស្បៀងអាហារដល់ ប្រជាពលរដ្ឋដែលកំពុងតែដង្ហោយហៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរនូវទឹកចិត្តរបស់ ឯកឧត្តមអ៊ិត សុធា កន្លងមកតែងតែបង្កើននូវកិច្ចសហការ និងការទំនាក់ទំនងល្អ ជាមួយនិងតាមបណ្តាអង្គភាពកន្លងមក ជាក់ស្តែងនៅពេលនេះ បើទោះបីជា ឯកឧត្តម បានប្តូរទីតាំងទទួលខុសត្រូវទៅហើយក្តី ក៏នៅតែជួយអង្ករចំនួនមួយតោន ដល់បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីចូលរួមក្នុងសកម្មភាពវិស័យមនុស្សធម៌ ដែលមានជីវភាពលំបាកខ្វះខាត ក្នុងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងប្ដេជ្ញាចិត្តនាំយកនូវអំណោយមនុស្សធម៌នេះទៅឧបត្ថម្ភជូនឲ្យដល់ដៃអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅខេត្តកំពង់ធំ សូមគោរពជូនពរឯកឧត្តម លោកជំទាវ បុត្រា បុត្រី សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិនិងប្រជាជន ។ដោយ ប៊ុន រដ្ឋា