ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ បាននាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានិត​ ចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ

កំពង់ចាម: ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានឃុំល្វាលើ នៅថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២១​ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ​ចុះមូលដ្ឋានស្រុកចំការលើ ចែកជូនប្រជាពលរដ្ឋ​ ចំនួន​ ៦៤គ្រួសារ ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ បន្ទាប់ពីពួកគាត់បាន​ប៉ះពាល់​ដោយប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវិដ-១៩ ។

ក្នុង​ឱកាសនោះ​ ឯកឧត្តម សុក ផេង បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលឃុំ បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីក្រៅប្រទេស ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ​ ចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្ត​ឲ្យ​បានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នា​នោះ​ ឯកឧត្ត​ម សុក​ ផេង​ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា​ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាបង្ការទប់ស្កាត់ការពារការឆ្លងរីករាលដាលនៃជំងឺ​ដ៏​កាច​សាហាវ​នេះនៅក្នុងសហគមន៍ ដោយអនុវត្ត​តាម​វិធានការ​ ៣ការពារ ៣កុំ​ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

គួរបញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ទាំង៦៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង អំបិល១គីឡូ ម៉ាស់០១ប្រអប់ អាកុល០១លីត្រ សាប៊ូលុច្ស០១ដុំ ។ ប្រគេនទេយ្យធម៌ដល់ព្រះសង្ឃក្នុងវត្តល្វាលើ អង្ករ២០០គីឡូ មី៥កេស ទឹកត្រី៤យួរ ទឹកស៊ីវអ៊ីវ ៤យួរ និងបានឧបត្ថម្ភដល់រដ្ឋបាលស្រុក អាកុល៣០លីត្រ ម៉ាស០១កេសធំ ដោយ​សរុប​ជាថវិកាអស់ចំនួន២,២០០ដុល្លារ ជាថវិការបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ​ ៕