សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ទទួលអំណាយថវិកា ពីសប្បុរសជនជាយោធា

បន្ទាយមានជ័យះនាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបន្តទទួលថវិកា ពីសប្បុរសជនជាយោធារួមមាន តំបន់ប្រតិបត្តិការសឹករងខេត្ត នឹងកងពលថ្មើរជើងលេខ ៥១ ដោយថវិកាដែលទទួលបានពីតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥,៦៨៥,០០០ រៀល នឹងថវិកាទទួលបានពី កងពលថ្មើរជើងលេខ ៥១ ចំនួន ៩,៣៩០,០០០រៀល។
ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានសំដែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំងប្រដាប់អាវុធ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយ កាកបាតក្រហមដើម្បីបុព្វហេតុមនុស្សធម៌ ជួយអាយុជីវិតនិង សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ចែករំលែកក្ដីស្រលាញ់ មេត្តា ករុណា ជាមួយអ្នកងាយរងគ្រោះនិងអ្នករងគ្រោះគ្រប់ប្រភេទ។
ឯកឧត្តម អ៊ុ រាត្រី បន្តថាៈរាល់ថវិកាដែលទទួលបានពីសប្បុរសជននានានោះ សាខាកាកបាទក្រហមខេត្តយើងនឹងយក ទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះឱ្យចំគោលដៅ ដោយពុំមានការបែងចែក ពូជសាសន៍ វណ្ណៈ ជំនឿ សាសនានិងនិន្នាការនយោបាយឡើយ។ ជាចុងក្រោយ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍បន្ថែមថា ក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានការផ្ទុះឡើងជំងឺកូវីដ19 បានឆ្លងចូលក្នុងសហគមន៍ជាលើកទី ៣ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្មុគស្មាញខ្លាំងមិនធ្លាប់មាន សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង បង្កជាការប្រឈមថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលចាំបាច់បំផុតត្រូវដាក់ចេញនូវវិធានការ រឹតបន្តឹងជាបន្តបន្ទាប់ រហូតទៅដល់ការបង្កើតឲ្យមានច្បាប់ស្ដីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាច់សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” រួមជាមួយយុទ្ធនាការ “យើងរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតតាមរយៈ ៣ការពារ ៣កុំ និង២ចូលរួម” ដែលចាំបាច់តម្រូវឲ្យមានការចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមគ្រប់មធ្យោបាយ និងការចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនពីពលរដ្ឋគ្រប់រូបដើម្បីយើងទាំងអស់គ្នា ដើម្បីគ្រួសារយើង និងដើម្បីប្រទេសជាតិយើង ពោលគឺដើម្បីសេចក្ដីសុខ សុខុមាលភាពប្រជាជនទាំងមូល។ដោយះឃិន គន្ធា