ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកស្បៀងអាហារជួយឧបត្ថម្ភដល់អតីតយុទ្ធជនយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី 20 គ្រួសារ នៅស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយស្បៀងអាហារ និងថវិកា ដែលជាអំណោយ របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ជួយឧបត្ថម្ភដល់អតីតយុទ្ធជនយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី 20 គ្រួសារ នៅក្នុងបរិវេណវត្តអន្លង់គង ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី 28 ខែឧសភាឆ្នាំ 2021។
ពិធីចែកអំណោយដល់អតីតយុទ្ធជន ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកប្រាសាទសំបូរ រួមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាម ចំនួន២០ គ្រួសារ និងជាការដឹងគុណ ចំពោះវីរភាពដ៏អង់អាចនាសម័យសង្រ្គាមកន្លងមក និងជាគ្រួសារមានគុណបំណាច់ចំពោះជាតិនិងប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ដោយបានអនុវត្តតាមការណែនាំ ពីប្រធានសមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ឲ្យសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកក្រុង និងអាជ្ញាធរ មើលថែពីសុខទុក្ខរបស់អតីតយុទ្ធជន និងគិតគូរយកចិត្តទុកដាក់អំពីជីវភាពរស់នៅ ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងនិងផ្តល់អទិភាព ដើម្បីជាការតបស្នងសងគុណ ដែលបានលះបង់គ្រប់សព្វបែបយ៉ាង ចូលរួមចំណែកការពារទប់ស្កាត់ការវឹលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះនាំឲ្យប្រទេសជាតិមានសុខសន្តិភាពពេញ បើគ្មានការលះបង់សាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជន យើងក៏គ្មានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះដែរ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់នឹងក្រុមគ្រួសារ ត្រូវអនុវត្តឲ្យបានមម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តឲ្យបាននូវវិធានការ 3 កុំនឹង 3 ការពាររបស់សម្ដេចតេជោហ៊ុន សែនដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ19
អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវពេជ ច័ន្ទមុន្នី ដែលបានឧបត្ថម្ភជូនអតីយុទ្ឋជនទាំង២០គ្រួសារនៅពេលនេះដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ 25 គីឡូក្រាម មី1 កេស ទឹកត្រីទឹកស៊ីអ៊ីវ2 យួរ ត្រីខកំប៉ុងមួយយួរ ទឹកបរិសុទ្ធមួយយួរ និងថវិកាមួយចំនួនផងដែរ ។ដោយ ប៊ុន រដ្ឋា