ប្រជាសហគមន៍និងអាជ្ញាធរដែនដីសំណូមពរដល់ក្រសួងរុក្ខាប្រមាញនិងនេសាទកុំឈូសឆាយព្រៃសហគមន៍ចាន់សរចោល បើគ្រាន់តែដាំកូនឈើពូជឡើងវិញ

សៀមរាប=ប្រជាសហគមន៍និងអាជ្ញាធរដែនដីមិនឯកភាពអោយមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើឈូសឆាយព្រៃសហគមន៍ ចាន់សរ ក្នុងឃុំពពែល ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាបនោះទេ! បើគ្រាន់តែដាំកូនឈើឡើងវិញនោះ! សុខចិត្តអោយដាំបន្ថែមក្នុងព្រៃឈើដែលមានស្រាប់ មិនពិបាកឈូសឆាយដើមឈើចាស់ចោលទេ ព្រោះការឈូសឆាយព្រៃចាស់ចោលហើយដាំថ្មី វាពិតជាធ្វើអោយប៉ះពាល់ផលប្រយោជន៍របស់ពលរដ្នជាច្រើន ដូចជា ការប៉ះពាលជំរកសត្វព្រៃ ការអាស្រ័យផល ការបោចវល្លិ៍ ផ្ដៅ ឬរកផ្សិត ទំពាំង ការបេះផ្លែឈើព្រៃ ជាដើម។ល។
ពលរដ្ឋស្នើរអោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ពិចារណាឡើងវិញ មុននិងសំរេចឈូសឆាយកូនឈើ ឬឈើព្រៃឈើដែលមានស្រាប់ ទោះចង់ដាំកូនឈើមានតំលៃ ក៏គួរទុកឈើអុសខ្លះដែរ ព្រោះព្រៃឈើទាំងនេះសុទ្ធសឹងតែជាតំរូវការរបស់មនុស្សគ្រប់គ្នាដែលខានមិនបាន។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប បានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា លោកកំពុងតែពិចារណារកផលចំណេញទាំង២ ដោយមិនអោយប៉ះពាលផលប្រយោជន៍សាធារណះនោះទេ បានផលប្រយោជន៍ទាំងខាងពលរដ្ន បានទាំងខាងវិទ្យាស្ថានស្រាវជ្រាវព្រៃឈើនិងសត្វព្រៃ ! លោកបន្ដទៀតថាលោកនិងបើកកិច្ចប្រជុំមួយនៅថ្ងៃទី០៤ ខែ មិថុនាឆ្នាំ២០២១ ខាងមុខនេះ ដើម្បីជជែក ពិភាក្សាគ្នា រកផលចំណេញ ដោយមានការចូលរួមពីមន្រ្ដីខាងវិទ្យាស្ថានស្រាវជ្រាវ និងមន្រ្ដីរដ្នបាលព្រៃឈើ ដើម្បីវែកញែកមើលថា តើការដាំនៅចន្លោះ ព្រៃដែលមានស្រាប់ ឬការដាំកូនឈើទីកន្លែងវាល ដោយមានគម្លាតត្រឹមត្រូវ ក្នុងផ្ទៃដី ជាង១០០ហិចតា នេះថាតើវាមានផលល្អ ផលអាក្រក់យ៉ាងណា ឬបានផលចំណេញ យ៉ាងណា? ព្រោះលោកមិនមែនជាអ្នកសំរេចនោះទេ លុះត្រាឆ្លងកាត់ការប្រជុំពិភាក្សាគ្នាជាមួយ វិទ្យាស្ថានស្រាវជ្រាវព្រៃឈើនិងសត្វព្រៃរួចសិនទើបឯកភាពគ្នាជាក្រោយ៕