បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ នៅកាសុីណូ សុខគីមម៉េង តន់ហន់ មហាជនកំពុងភ័យព្រួយខណៈកាសុីណូ២ទៀត នៅព្រែកចាក មិនទាន់បិទ

បន្ទាប់ពីកាសុីណូ សុខគីមម៉េង(តន់ហន់) ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤នាក់ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើននាក់ទៀតត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ មហាជនបាននិងកំពុងភ័យព្រួយ ដោយសារកាសុីណូ២ផ្សេងទៀត ដែលស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៅបន្តដំណើរការនៅឡើយ។

មហាជនបានលើកឡើងថា ក្រោយពីការសុីណូសុខគីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ត្រូវអាជ្ញាធរចុះបិទខ្ទប់នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខណៈដែលអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលរាប់រយនាក់កំពុងរង់ចាំការពិនិត្យធ្វើតេស្ត យកសំណាក គេសង្ស័យថាពិតជាមានអ្នកញៀនល្បែងមួយចំនួនដែនធ្លាប់ចូលលេងនៅកាសុីណូសុខគីមម៉េង បានភៀសខ្លួនចូលទៅលេងក្នុងកាសុីណូចំនួន២ទៀត ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងពពាក់ពពូនផងដែរ។

ជាមួយនឹងករណីគួរឲ្យភ័យព្រួយនេះ មហាជនបានកត់សម្គាល់ថា ពេលនេះកាសុីណូ សុខគីមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច បានផ្ទុះជំងឺកូវីដទៅហើយ នៅឡើយកាសុីណូ២ ទៀតម្តេចនៅតែបន្តអាជីវកម្មយ៉ាងចំហរយ៉ាងនេះទៅវិញ។

ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពី លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានទេដោយសារពេលទូរស័ព្ទតេចូល គ្មានអ្នកទទួល៕