រដ្ឋមន្ត្រីក្រសួងការបរទេស អូស្ត្រាលីលោកស្រី ចូលី ប៊ឺស៊ប បាន ជួបពិភាក្សាជាមួយ នឹងសមភាគីអាម៉េរិក គឺ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ចន ឃឺរី និងរដ្ឋមន្ត្រីការពារ ជាតិលោក ចាក់ ហាហ្គែល នៅថ្ងៃចន្ទនេះ ដោយធ្វើការពិគ្រោះ យោបល់គ្នាប្រចាំឆ្នាំរវាង អូស្ត្រាលី និងសហរដ្ឋអាម៉េរិក ដែលហៅកាត់ថា AUSMIN។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នេះឲ្យដឹងថា កម្មវិធី ពិគ្រោះយោបល់ប្រចាំឆ្នាំរវាងអូស្រា្តលី-អាម៉េរិក នឹងមើលឃើញ ពីសញ្ញា ព្រមព្រៀង ផ្នែគយោធា ជាមួយនឹងការចាប់ផ្ដើម ក្របខ័ណ្ឌច្បាប់សម្រាប់វត្តមាន របស់ទាហានម៉ារីន អាម៉េរិក ដែលមានមូលដ្ឋាននៅ តំបន់ដាវីន របស់អូស្ត្រាលី។ ជាងនេះទៅទៀតវា នឹង អនុញ្ញាតឱ្យមានការ ពង្រីកយោធាអាមេរិក នៅអូស្ត្រាលី បន្តរយៈពេល ២៥ឆ្នាំមកហើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោកស្រី ប៊ឺស៊ប បានឲ្យដឹងថា កិច្ចពិគ្រោះយោបល់រវាង អូស្ត្រាលី និង អាម៉េរិក “គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ដំណើរការរីកចម្រើននៃកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើកិច្ចការបរទេស និងបញ្ហាយុទ្ធសាស្ត្រគោលនយោបាយ រវាងប្រទេស អូស្ត្រាលី និងអាម៉េរិក”។
វាជាឱកាសមួយ ដើម្បីបញ្ជាក់សម្ព័ន្ធភាពរបស់យើង និងបង្ហាញ ពីជម្រៅ និងទំហំនៃទំនាក់ទំនងរបស់យើងជាមួយគ្នា។ លោកស្រី ប៊ឺស៊ប បាននិយាយថា ថ្នាក់ដឹកនាំទាំងពីរ គួរពិភាក្សាគ្នាពីវិធីដើម្បីធ្វើឲ្យប្រសើរ ឡើងបន្ថែមទៀតសម្រាប់កិច្ចការងាររួមគ្នា រួមមានកិច្ចគាំទ្រស្ថេរភាពក្នុងតំបន់ និងសន្ដិសុខ និងបន្ដដំណើរការ អនុវត្តន៍ផ្ដួចផ្ដើមយោធាអាម៉េរិក៕