រដ្ឋបាលខេត្តកំពត សម្រេចបិទផ្អាកអាជីវកម្ម កាសុីណូ តាមបណ្តាច្រកទ្វារព្រំដែននៃខេត្តកំពត ខណៈមានជំងឺកូវីដ-១៩ រាតត្បាតយ៉ាងខ្លាំង

(ខេត្តកំពត)៖ បន្ទាប់ពីមានករណីមនុស្សឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់នៅក្នុងតំបន់ ភូមិសាស្ត្រខេត្តកំពត ពិសេសភូមិសាស្ត្រច្រកទ្វារព្រំដែន រដ្ឋបាលខេត្តកំពត បានសម្រេចបិទផ្អាក អាជីវកម្ម កាសុីណូនានា ដែលស្ថិតក្នុងច្រកទ្វារព្រំដែន ដូចជាកាសុីណូ ស្ថិតនៅច្រកទ្វារទ្វេភាគី តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចមួយកន្លែង និងកាសុីណូចំនួន២កន្លែងទៀត ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមជម្រាបដែរថា ការបិទផ្អាកអាជីកម្ម កាសុីណូ ចំនួន២ ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងមួយកន្លែងទៀតនៅច្រកទ្វារព្រំដែនទ្វេភាគី(តន់ហន់)យ៉ាងតក់ក្រហល់បែបនេះ បន្ទាប់ពីជំនាញសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ នៅក្នុងកាសុីណូមួយ មានយីហោ សុខគីមម៉េង ដែលស្ថិតក្នុងច្រកទ្វារទ្វេឹភាគី(តន់ហន់) ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពត ក៏បានជូនដំណឹងឲ្យអាជ្ញាធរដែនដីបិទ​ ផ្អាកការលក់ដូរ ផ្សារព្រែកក្រឹស រយៈពេល១៤ថ្ងៃផងដែរ៕ សេង ណារិទ្ធ