កងទ័ពឈរជើងនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ សូមគោរពថ្លែងអំណរអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន!

ព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរសេនាតូចទាំង៥ ចំណុះឲ្យទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ សូមគោរពថ្លែងអំណរអរគុណចំពោះសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែបានយកចិត្តទុក្ខដាក់ និងគិតគូរខ្ពស់ចំពោះបញ្ហាសុខភាព ក៏ដូចជាការរស់នៅប្រចាំថ្ងៃ របស់បងប្អូនកងទ័ព និងគ្រួសារ ជាប់ជានិច្ច។

ការគោរពថ្លែងអំណរអរគុណនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់អាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ក្រោយពីគោរពទង់ជាតិចប់ ក្នុងអង្គភាពទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៤ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំកងកម្លាំងតែងតែទទួលបានអំណោយដ៏ថ្លៃថ្លានេះ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ការឧបត្ថម្ភនូវអាវភ្លៀង បានមុនរដូវភ្លៀង និងផ្តល់អាវរងា មុននៅរដូវរងាមកដល់ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខកងកម្លាំង និងតែងតែជំរុញការដោះស្រាយរាល់បញ្ហារបស់បងប្អូនគ្រប់កាលៈទេសៈ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានអំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តខិតខំប្រឹងប្រែង ក្នុងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយវិជ្ជាជីវៈជាកងទ័ព ដើម្បីបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍនជូនប្រទេសជាតិ និងប្រជាជនឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ ដោយបំផុសឲ្យកងទ័ពចូលរួមក្នុងការងារបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅបន្ថែមដល់កងទ័ព និងគ្រួសារកងទ័ព។ បន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ដោយពាក់ម៉ាស និងធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺនេះចូលសហគមន៍ ក៏ដូចជាជំរុំបន្ទាយផងដែ៕ សួនលីណា