កងយោធពលខេមរៈភូមិន្ទ​ ដាំកូនឈើប្រមាណ១ម៉ីនដើម នៅ​ទីបញ្ជាការយោធភូមិភាគទី៤ខេត្តសៀមរាប

0

សៀមរាប: កងយោធពលខេមរៈភូមិន្ទ​ ប្រចាំយោធភូមិភាគ៤ បាន​ប្រារព្ធ​ធ្វើពិធីដាំ​កូនឈើ​ចម្រុះ​ប្រមាណ​១ម៉ឺន​ដើម នៅ​ក្នុងទីបញ្ជាការ​​កងយោធពលខេមរៈភូមិន្ទ​យោធ​ភូមិ​ភាគ៤ ខខេត្តសៀមរាបនាព្រឹក​ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ២០២១។
ការដាំកូន​ឈើចម្រុះ​ប្រភេទបេង ធ្នង់ គ្រញូង​និង​នាងនួន​ លើផ្ទៃដី​ទំហំ​ជាង​២.៥ហិកតារនេះ មាន​ស្ថាប័នជាច្រើន​មកចូលរួម​ ដូចជា​​មន្ត្រី​​សាលាខេត្តសៀមរាប មន្ទីរកសិកម្មរុក្ខា​ ប្រមាញ់​និង​នេ​សាទ​ខេត្តសៀមរាប មន្ត្រី​នគរបាល​និង​ក្រុមចលនា​យុវជន​១៥៧​ផង​។​​​
លោកឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃកង​យោធ​ពល​ខេមរៈភូមិន្ទ​​យោធភូមិភាគ៤ ដែលជាគណអធិបតី​ក្នុងពិធីដាំ​កូនឈើ​នេះ​មានប្រសាស​ន៍​ថា៖​ការដាំ​កូនឈើនៅក្នុងខេត្តសៀមរាបពេលនេះ គឺ​ជា​ការរួមចំណែក​ការពារបរិស្ថាន​និងជួយ​លើ​ក​កំពស់​សោភ័ណភាព​ខេត្តសៀមរាប ព្រមទាំងធ្វើ​ឱ្យប្រាសាទបុរាណ​កាន់តែ​មានសម្រស់​ទាក់​ទាញ​ភ្ញៀវទេសចរណ៍​ ឱ្យមកទស្សនា​បានកាន់តែច្រើនថែមទៀត​​។
លោកឧត្តមសេនីយឯក មានប្រសាសន៍ទៀតថា​៖ការដាំកូនឈើនេះ លោក​មិនត្រឹមតែចង់​ឱ្យ​ដាំ​នៅក្នុងខេត្ត​សៀមរាបប៉ុណ្ណោះ​ទេ គឺ​ចង់ឱ្យខេត្តចំនួន​៤ មានខេត្តឧត្តរមានជ័យ ខេត្តព្រះវិ​ហារ​និង​ខេត្តកំពង់ធំ ដែលស្ថិតនៅក្រោម​ចំណុះយោធភូមិភាគ៤ បានដាំកូនឈើ​ឡើងវិញ​ ក្នុងគោលបំ​ណង​ជួយកាត់បន្ថយការឡើងកំដៅ​លើផែនដី​និង​ការប្រែប្រួលអាកាសធាតុ ឱ្យប្រសើរឡើង។​
សូមរំលឹក​ថា៖នេះ​ជាលើកទី២​ហើយ ដែល​អាជ្ញាធរជាតិអប្សរា បានផ្ដល់កូន​ឈើចម្រុះ​ចំនួន​១ម៉ឺនដើម ឱ្យកងយោធពលខេមរៈភូមិន្ទ​នៃយោធភូមិភាគ៤ ដាំ​នៅក្នុងទីបញ្ជាការ​។
កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០កន្លងទៅ អាជ្ញាធរជាតិអប្សរាធ្លាប់​បាន​ផ្ដល់​កូន​ឈើចម្រុះ ចំនួនមួយ​ម៉ីនដើម​ ឱ្យកងយោធពលខេមរៈភូមិន្ទ នៃយោធភូមិភាគ៤ យកទៅដាំ​នៅក្នុងទីបញ្ជាការ​​ដដែល​នេះ​ម្ដង​មកហើយ​។​
គួរបញ្ជាក់ថានៅក្នុងឱកាសដាំកូនឈើ កាលពីព្រឹក​ថ្ងៃទី១ខែមិថុនា​​នោះ​ទីបញ្ជាការនៃយោធភូមិភា​គ​៤ ​ក៏បាន​ប្រគល់វត្ថុបុរាណចំនួន៥ដុំ​ ដែលកងទ័ព​បានរកឃើញ​ពី​តាមទីបុរាណដ្ឋាននានា ​ជូន​ដល់​អា​ជ្ញាធរ​ជាតិអប្សរា ឱ្យយកទៅ​រក្សាទុកផងដែរ៕