កំពង់ឆ្នាំង៖ ក្រុមគ្រឿងចក្រ និងរថយន្តដឹកដីធ្វើ សកម្មភាពជីកនិងដឹកអាចម៍ដីគ្មានច្បាប់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចុះឃាត់យោងតាមបទល្មើសជាក់ស្តែង ស្ថិតនៅចំនុចបឹងអំរែក ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ការចុះឃាត់សកម្មភាពជីកដី និងដឹកអាចម៍ដីគ្មានច្បាប់ខាងលើនេះធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទីម្សិលមិញនេះអនុវត្តដោយកំម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តចំនួន០៤នាក់ប្រេីប្រាស់រថយន្តចំនួន០១គ្រឿងដឹក នាំដោយលោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជា ការរងទទួលផែនយុត្តិធម៍។ ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តមអុិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជា ការរងទទួលផែនយុត្តិធម៍បានឲ្យដឹងថា ក្នុងការចុះឃាត់សកម្មភាពជីកដី និងដឹកអាចម៍ដីគ្មានច្បាប់អនុញ្ញាតខាងលើនេះ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ ឈ្មោះ សោម សុម៉ាលីន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ អាជីវករជាម្ចាស់ដីរស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យករួមមានអេស្កាវ៉ាទ័រចំនួន០៤គ្រឿង ឡានបែនដឹកដីចំនួន០៦គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញកំពុងរៀបចំឯកសារ ប្រគល់- ទទួល ឲ្យខាងរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដេីម្បីបន្តនិតិវិធី ៕





































