រតនគិរី : នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ៦រួមមាន៖
១/ ពិនិត្យកូរ៉ុម
២/ ពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា និងលេីកទិសដៅបន្តប្រចាំខែមិថុនា ឆ្នាំ២០២១
៤/ ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍ក្របខ័ណ្ឌឆ្នាំ២០២១ និងផែនការក្របខ័ណ្ឌឆ្នាំ២០២២ របស់រដ្ឋបាលខេត្តរតនគិរី
៥/ ផ្សព្វផ្សាយពីការជូនដំណឹងរបស់រដ្ឋបាលខេត្ត ពីការទូទាត់ប្រាក់បេសកកម្មមន្រ្ដីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត
៦/ បូកសរុបលទ្ធផល និងបិទអង្គប្រជុំ
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួម ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់បាននូវការរីករាលដាលនូវជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ តាមខែនីមួយៗ ជាពិសេសខែឧសភាដែលទើបកន្លងផុតថ្មីៗនេះ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នខេត្តរតនគិរី បាននឹងកំពុងអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃដោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលរួមសហការគ្នាពីសំណាក់ប្រជាពលរដ្ឋ និងមានការចូលរួមអនុវត្ត ពីសំណាក់អាជ្ញាធរពាក់ព័ន្ធទើបខេត្តសម្រេចបាននូវការអភិវឌ្ឍរីកចំរើនគួរឲ្យកត់សម្គាល់ ។ ជាមួយគ្នានេះឯកឧត្តមប្រធានបានស្នើដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវបន្តអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តការងាររបស់ខ្លួនឲ្យសម្រេចទទួលបានជោគជ័យថ្មីៗបន្ថែមទៀតស្របតាមផែនការដែលបានដាក់ចេញ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាការសម្រេចជោគជ័យនូវផែនការអភិវឌ្ឍន៍ខេត្ត គឺដោយសារមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការសហការយ៉ាងស្វិតស្វាញពីសំណាក់អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលទាំងនេះជាការសាមគ្គីភាពគ្នារវាងថ្នាក់ដឹកនាំខេត្ត ជាមួយមន្ត្រីនិងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ចំពោះស្ថានការណ៍ជំងឺកូវីដ១៩ ហាក់មិនទាន់ថមថយនៅទូទាំងប្រទេស ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកម្លាំង សមត្ថកិច្ចទាំងអស់បន្ដណែនាំដល់បងប្អូនប្រជាពលរដ្ឋបន្ដពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព អោយបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីការពារខ្លួនយើងទាំងអស់គ្នាពីជំងឺដ៏កាចសាហាវនេះ ៕ដោយ គតិ យុត្ត





































