កណ្តាល៖តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ អោយដឹងថា «មានបុគ្គលម្នាក់ ឈ្មោះ សំរិទ្ធ មុនី និង បក្ខពួក កំពុងដាក់គ្រឿងចក្រ និង រថយន្តដឹកដីជាច្រើនគ្រឿង ធ្វើសកម្មភាព ចាក់ដីលុបប្រឡាយរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងគឃ្លើន ទោះបីជាអាជ្ញាធរ ហាមឃាត់ជាច្រើនដងក៏មិនស្តាប់ដែរ មិនដឹងអាងអំណាចអ្វីឡើយ» ។
ប្រជាពលរដ្ឋ ដដែលបន្តថា សកម្មភាពនេះកើតឡើងជាច្រើនខែមកហើយ ធ្វើអោយពួកគាត់មានការខ្វះខាតទឹក និង តម្រូវការផ្សេងៗទៀតជាច្រើនយ៉ាងខ្លាំង ពីព្រោះប្រឡាយទឹកមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ដើម្បីបង្កបង្កើនផល ដោយមួយរយៈនេះប្រឡាយទឹក ត្រូវបានឈ្មួយមានលុយ លុបជិតអស់ហើយ ។
ពួកគាត់បានទទូចស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ ដើម្បីបានប្រឡាយទឹកដូចដើមវិញ និង ផ្តន្ទាទោសឈ្មួញដែលព្រហើននេះ តាមផ្លូវច្បាប់ផង ។
ប្រឡាយទឹកដែលត្រូវបាន ឈ្មោះ សំរិទ្ធ មុនី និង បក្ខពួក ចាក់លុបនោះ ស្ថិតនៅភូមិអំពៅព្រៃ ភូមិប្រជុំអង្គ ឃុំជើងកើប ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជុំវិញបញ្ហានេះដែរ លោក ប៉ាក់ រដ្ឋ ស្មៀនឃុំជើងកើប បានប្រាប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នេះថា លោកបានទទួលព័ត៌មាននេះ យូរហើយដែរ តែឈ្មោះ សំរិទ្ធ មុនី និងបក្ខពួក នោះ នៅតែផ្គើនចាក់ដីលុបប្រឡាយ ដែលជាប្រឡាយរបស់រដ្ឋ ។ កន្លងមក ពេលពួកគាត់ចុះទៅជាមួយអាជ្ញាធរឃុំ ស្រុក ហាមឃាត់ហើយ ពួកគាត់លួចធ្វើសកម្មភាពដដែលទៀត ។
បញ្ហាការចាក់ដីនេះ អ្នកដែលប្តឹង គឺ អាជ្ញាធរ តែម្តង មិនមែនប្រជាពលរដ្ឋ ទេ ដែលប្រជាពលរដ្ឋរស់នៅលើប្រឡាយទឹកនោះ បានឃុបឃិតគ្នាជាមួយ ឈ្មួញ លួចលក់ដីដោយគ្មានអាជ្ញាធរដឹងឮទាល់តែសោះ ។
លោកស្មៀនឃុំ បន្តថា លោកនិងលោកមេឃុំ បានចុះទៅទីតាំងនោះនៅរសៀលនេះ ហើយ តែ ពេលចុះដល់ទីតាំង គឺ បុគ្គលនេះ បានចាក់រំលោភក្នុងឃុំកណ្តោក ដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួនឡើយ ។
ដោយឡែកលោក ហេង ចាន់ មេឃុំកណ្តោក បានប្រាប់ ថា លោកមិនបានដឹងពីបញ្ហាខាងលើនោះទេ ហើយក៏មិនមានអ្នកចាក់ដីលុបប្រឡាយទឹករបស់រដ្ឋដែរ ។
ជាមួយគ្នានេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង ថ្លែងប្រាប់ថា មានបុគ្គលម្នាក់ ដែលពេលនេះ លោកបានបញ្ជាអោយឃុំធ្វើការងារនេះហើយ ដោយនិយាយបានបន្តិច លោកប្រាប់ថា កំពុងរវល់បន្តិច ។
ទោះបីលោកអភិបាលស្រុកកណ្តាលស្ទឹង មិនបញ្ចេញឈ្មោះ តែ បុគ្គលម្នាក់នេះ ត្រូវបានគេដឹងថា ឈ្មោះ សំរិទ្ធ មុនី នេះឯង ៕





































