ដំណើរប្រធានាធិបតីអាមេរិក លោកចូបៃដិន ជាលើកដំបូងចេញទៅទ្វីបអឺរ៉ុប ក្នុងសប្តាហ៍នេះ ត្រូវគេចាត់ទុកថា ជាដំណើរបង្ហាញអត្ថន័យ នូវការឲ្យគេជឿជាក់លើដំណើរការលទ្ធិប្រជាធិបតេយ្យក្រោយការបាត់បង់ឥទ្ធិពលកន្លងមក ក្នុងជំនាន់អតីតរដ្ឋបាល លោកដូណាល់ត្រាំ។ យោងតាមអាអេហ្វប៉េ ដំណើរទស្សនកិច្ចលើកដំបូងរបស់ លោកចូបៃដិន ក្នុងសប្តាហ៍នេះ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 និងមានការរៀបចំកិច្ចប្រជុំកំពូលមួយទៀតផងដែរ រវាងរូបលោក ជាមួយនឹងមេដឹកនាំរុស្ស៊ី លោកវ្លាឌីមៀរពូទីន។ លោកចូបៃដិន ត្រូវបានកាសែតវ៉ាស្ហ៊ីនតោនប៉ុស្តិ៍ បានដកស្រង់សម្តីបញ្ជាក់ជុំវិញដំណើរលើកដំបូងថា «នេះជាសំណូរកំណត់អត្ថន័យ នៃពេលវេលារបស់យើង» ។ លោកបានសរសេរដាក់សំណួរថា «តើសម្ព័ន្ធភាពនិងស្ថាប័នប្រជាធិបតេយ្យ ដែលបង្កើតទ្រង់ទ្រាយធំ ក្នុងសតវត្សចុងក្រោយ នឹងបង្ហាញសមត្ថភាពរបស់គេប្រឆាំងនឹងការគម្រាមកំហែង និងសត្រូវសម័យ ថ្មីដែរឬទេ? ខ្ញុំជឿថា ចម្លើយគឺ Yes ។ ដូច្នេះក្នុងសប្តាហ៍នេះ ក្នុងទ្វីបអឺរ៉ុប យើងនឹងមានឳកាសដែលត្រូវតែបញ្ជាក់ប្រាប់»។ យោងតាមគម្រោងទស្សនកិច្ចលើកដំបូង នៅទ្វីបអឺរ៉ុបនោះ លោកចូបៃដិនរវាងពីថ្ងៃសុក្រដល់ថ្ងៃ អាទិត្យសប្តាហ៍នេះ នឹងត្រូវជួបជាមួយដៃគូនៃប្រទេស G7 នៅតំបន់រមណីយ៍ដ្ឋាន ជាប់មាត់សមុទ្ទក្នុងភាគនីរតី ប្រទេសអង់គ្លេស និងបន្ទាប់មក នឹងជួបព្រះមហាក្សត្រីអេលីហ្សាបែតទី២ នៃប្រទេសអង់គ្លេស នៅប្រាសាទ Windsor ។ បន្ទាប់មកលោកចូបៃដិននឹង ធ្វើដំណើរទៅកាន់ក្រុងប្រុយសែលនៃប្រទេសបែលហ្ស៊ីកដើម្បីជួប ប្រជុំក្រុមបក្ខសម្ព័ន្ធណាតូនៅថ្ងៃទី១៤មិថុនា និងបន្ទាប់មកនៅថ្ងៃទី១៥មិថុនានឹងត្រូវជួបប្រជុំក្រុមសហភាពអឺរ៉ុប នៅមុនពេលដែលលោកនឹងត្រូវជួបប្រជុំកំពូលទល់ មុខ គ្នាជាមួយនឹងមេដឹកនាំរុស្ស៊ីលោកពូទីននៅ ក្នុងប្រទេស ស្វីស៕