សៀមរាប= នៅក្នុងបរិបទកូវីដ.១៩នេះ អាជ្ញាធរជាតិអប្សរាបានត្រៀមនឹងកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា នៅបរិវេណអង្គរវត្ត ការរៀបចំរចនាសម្ព័ន្ធផ្លូវ និង ប្រពន្ធលូបង្ហូរទឹកនៅទីលាននៃទីក្រុងអង្គរធំនិង កែលម្អសួន។ ជាក់ស្តែង តំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាង្គប្រាសាទនានា បច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និង អន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ហើយ ក្រោយពេលបើកអោយចូលទស្សនា អស់រយ:ពេលជាង១ខែប៉ុណ្ណោះ ។ ភ្ញៀវទាំងនោះភាគច្រើនជាភ្ញៀវជាតិ ដែលមកពីបណ្តាខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា និង ភ្ញៀវក្នុងស្រុកនៃខេត្តសៀមរាបផងដែរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ ខែឧសភា មកទល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំពោះភ្ញៀវមានចំនួនសរុប ៧៩ពាន់១៨៧នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៧៥ពាន់៣៤៣នាក់ ភ្ញៀវបរទេសចំនួន៣ពាន់១៣៧នាក់ និង ព្រះសង្ឃចំនួន៦១៦អង្គ។ នេះជាចំនួនភ្ញៀវនៅតាមបណ្តាប្រាសាទនានាក្នុងខេត្តសៀមរាប ។ លោក បានបង្ហាញថា នេះជាចំនួនភ្ញៀវកើនឡើងគួរឲ្យគត់សម្គាល់ ក្នុងបរិបទជំងឺកូវីដ.១៩ ដោយឡែកមន្ត្រីអាជ្ញាធរជាតិអប្សរាដែលប្រចាំការតាមច្រកត្រួតពិនិត្យនោះនៅតែបន្តវិធានការការពាររបស់ក្រសួងសុខាភិបាល ចំពោះករណីភ្ញៀវមិនព្រមអនុវត្តតាម ដូចជាការបាញ់វាស់កម្តៅ ពាក់ម៉ាស់ បាញ់ អាល់កុលជាដើម គឺមិនអនុញ្ញាតិអោយចូលជាដាច់ខាត។ លោកបានបញ្ជាក់ទៀតថា ក្នុងគោលបំណងដើម្បីចូលរួមចំណែកកាត់បន្ថយនៅការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩នេះ ចំពោះអ្នកទេសចរដែលមកទស្សនានៅក្នុងតំបន់ប្រាសាទផ្សេងៗ ត្រួវតែអនុវត្តរក្សាគម្លាតឲ្យបានល្អ ៣កុំ. ៣ការពារ និង ការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបាន ខ្ជាប់ខ្ជួន ។
អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងជាច្រើនដូចជា លើភ្នំបាខែង តាមបណ្តាប្រាសាទនានា បារាយណ៍ខាងលិច លើភ្នំបូង និងលើភ្នំក្រោមជាដើម ។ ក្រៅពីនោះ ក៏បានរៀបចំជាសួនច្បារ ដាំដើមឈើ ដាំផ្កា និងស្មៅ ដែលមើលទៅមានទេសភាពពណ៌បៃតងខ្ចីគួរឲ្យទាក់ទាញជាទីបំផុត ។
ជាមួយគ្នានោះ លោក កង កំសាន្ត ជាភ្ញៀវទេសចរជាតិមួយរូបមកពីខេត្តស្វាយរៀង បានឲ្យដឹងថា គាត់មកដើរលេងលក្ខណ:គ្រួសារ គឺពួកគាត់បានមកលេងនៅខេត្តសៀមរាបដែលជាទឹកដីប្រវត្តិសាស្ត្រ ជាលើកទី៣ហើយៗលើកនេះ យើងឃើញថា នៅក្នុងខេត្តអាជ្ញាធរមានការរៀបចំកែលម្អរចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែសម្រាប់ទទួលភ្ញៀវទេសចរនាពេលខាងមុខ ជាពិសេសជាងនេះទៅទៀតនោះ គឺអាជ្ញាធរជាតិអប្សរាបានរៀបចំតំបន់រមណីយដ្ឋានអង្គរ និង ប្រាសាទនានា ដើម្បីត្រៀបចាំទទួលភ្ញៀវមកទស្សនាបាន នឹងទទួលបាននៅទេសភាពប្លែកៗល្អៗជាងមុន។
គួររំលឹកផងដែរថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានអនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និង បញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ តទៅ៕