កំពង់ចាម: គណៈប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយផ្តល់ជូនគណកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម តាមរយៈឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត សម្រាប់យកទៅប្រេីប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាមផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២ ដែលបាននាំយកនូវអំណោយរួមមាន មី ចំនួន១០០កេស ទឹកបរិសុទ្ធ ១០០កេស ត្រីខ ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងទឹកត្រី ១០០យួរ ប្រគល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រេីប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដែលជាការចូលរួមរំលែក ចំពោះទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ដេីម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូរ៉ូណាដ៏កាចសាហាវនេះផងដែរ ៕





































