ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០១៤។រដ្ឋាភិបាលកុម្មុនិស្តិចិន បានបាញ់បង្ហោះ ផ្កាយរណបត្រួតពិនិត្យគ្រោះធម្មជាតិ ទៅកាន់ដងតារាវិថី ដោយជោគជ័យ។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានឲ្យដឹងផងដែរថា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានរៀបចំ និងបាញ់បង្ហោះផ្កាយរណបថ្មីមួយទៅកាន់ដងតារាវិថី ដោយជោគជ័យដូចអ្វី ដែលក្រុមអ្នកបច្ចេក ទេសបានគ្រោងទុក។ ផ្កាយរណបថ្មី ឈ្មោះថា Yaogan XX បំពាក់ដោយគ្រាប់រ៉ុក្កែត Long March 4C បានបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណបខេត្តជូក្វាន ភាគពាយព្យ ស្ថិតនៅតំបន់វាលខ្សាច់មួយ នៃប្រទេសចិន។
ផ្កាយរណបដែលបានបាញ់បង្ហោះនេះ ត្រូវបានក្រុមអ្នកបច្ចេកទេសអះអាងថា វាជាប្រភេទផ្កាយរណបមួយ ដែលអាចធ្វើការត្រួតពិនិត្យអំពីស្ថានភាព នៃគ្រោះធម្មជាតិ និងបញ្ជូនព័ត៌មាន ដោយបានផ្តិតយករូបភាព នៃភពផែនដីមកដល់មជ្ឈមណ្ឌលយើងបានរហ័ស។ សូមបញ្ជាក់ថា នេះជាការបាញ់បង្ហោះផ្កាយរណប របស់អ្នកវិទ្យាសាស្ត្រចិនលើកទី ១៩០ហើយ៕