ក្នុងបទសម្ភាសន៍យ៉ាងវែងមួយជាមួយកាសែត ប្រចាំសប្តាហ៍អាមេរិក The Atlantic អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើការរិះគន់ខ្លាំងៗ ចំពោះប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ថា បានបណ្តោយឱ្យមានភាពចន្លោះប្រហោងមួយនៅស៊ីរី ដែលភាពចន្លោះប្រហោងនោះ ទុកឱ្យពួកជីហាដនិយម ចូលពេញ ។លោកស្រី ហ៊ីលឡារី គ្លីនតុន នៅពុំទាន់ប្រកាសពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ ២០១៦នៅឡើយ ក៏ប៉ុន្តែលោកស្រី ហាក់ដូចជាចេញធ្វើយុទ្ធនាការទៅហើយ ។
ក្នុងបទសម្ភាសន៍យ៉ាងវែងមួយជាមួយកាសែត The Atlantic លោកស្រីគ្លីនតុន បានបរិហារនយោបាយការបរទេស របស់លោកអូបាម៉ា ដែលលោកស្រីធ្វើរដ្ឋមន្ត្រីការបរទេសឱ្យលោករយៈពេល៤ឆ្នាំ ។ គឺសំណុំរឿងស៊ីរីដែលលោកស្រីធ្វើការរិះគន់ខ្លាំងបំផុត ចំពោះលោក អូបាម៉ា ។ លោកស្រីអះអាងថា សហរដ្ឋអាមេរិក ពុំគួរដកថយឡើយ តាំងពីចាប់ផ្តើមការបះបោរនៅសុីរីមក ។
លោកស្រីមានប្រសាសន៍ថា ប្រការដែលពុំបានជួយបង្កើតកងទ័ពគួរឱ្យជឿជាក់មួយជាមួយពួកអ្នក ដែលជាប្រភពនៃបាតុកម្មប្រឆាំងលោកប្រធានាធិបតី បាចា អាល់អាសាដ វាបានបង្កើតភាពចន្លោះប្រហោងមួយ ដែលពួកជីហាដនិយម ហក់ចូលពេញក្នុងចន្លោះប្រហោងនោះ ។ ដោយរិះគន់ប្រធានាធិបតីពីអវត្តមាននៃលទ្ធិនយោបាយ អន្តរជាតិពិតប្រាកដមួយ លោកស្រីគ្លីនតុន មានការភ័យខ្លាចការគំរាមកំហែងរបស់ពួកអ៊ិស្លាមជ្រុលនិយម ចំពោះលោកខាងលិច ។
លោកស្រីមានប្រសាសន៍ថា ហេតុផលមួយក្នុងចំណោមហេតុផលដែលខ្ញុំបារម្ភ គឺអ្វីដែលកើតមាននៅមជ្ឈិមបូព៌ានាពេលនេះ សមត្ថភាពរបស់បណ្តាក្រុមជីហាដនិយម មានកាន់តែខ្លាំង ដែលបែបនោះ វាអាចប៉ះពាល់ដល់អឺរ៉ុប និងប៉ះពាល់ដល់សហរដ្ឋអាមេរិក ៕