ពិធីនេះបានប្រាព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននិងមានការចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ពាក់ព័ន្ធផ្សេងៗ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកំពុងរស់នៅនិងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផងនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីរដ្ឋាភិបាលកម្ពុជា។
ស្ថិតិរបស់ស្នងការនគរបាលនិងមន្ទីរផែនការអោយដឹងថា នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ មួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ តែបច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀតប៉ុណ្ណោះដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។
ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត។
នៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។យុទ្ធនាការនេះ មានសមាសភាពបុគ្គលិកពេទ្យចម្រុះមកពី
មន្ទីរសុខាភិបាលខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កងពលតូចលេខ៧០។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថាថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ក្នងនោះថ្នាក់ដឹកនាំ កងកម្លាំងពេទ្យយោធាត្រូវបានចាត់បញ្ជូនចូលរួមជាមួយបុគ្គលិកពេទ្យខេត្តព្រះសីហនុ ក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះផងដែរ។
ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩បាន។





































