Rocket blasts off carrying first Chinese crew to new space station

ប្រទេសចិនបានសម្រេចដោយជោគជ័យក្នុងការបញ្ជួនអវកាសយានិកលើកដំបូងរបស់ខ្លួនទៅកាន់ស្ថានីយ៍ថ្មី ក្នុងលំហអវកាស Tiangong នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧មិថុនានេះ។ គ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុក យានអវកាសហ្សិនចូវ១២ (Shenzhou-12) និងអវកាសយានិកចំនួន ០៣រូប បានហោះឡើងទៅកាន់ទីអវកាស ដើម្បីចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន។ ព្រឹត្តិការណ៍នេះត្រូវគេចាត់ទុកថាគឺជាជំហានប្រវត្តិសាស្ត្រ របស់ចិនដែលបង្ហាញនូវសមត្ថភាពរីកចំរើនផ្នែកបច្ចេកវិទ្យា គ្រាដែលសហរដ្ឋអាមេរិកនិងប្រទេសជាក្រុមសម្ព័ន្ធ កំពុងសម្តែងក្តីបារម្ភជុំវិញភាពរីកចំរើនជឿនលឿនរបស់ប្រទេសចិននាបច្ចុប្បន្ន។ មហិច្ឆិតាអវកាសរបស់ប្រទេស ចិនត្រូវបានជម្រុញឲ្យមានការកើតឡើងដោយការហាមឃាត់របស់សហរដ្ឋអាមេរិក មិនឲ្យមានអវកាសយានិក ចិនមាននៅក្នុងស្ថានីយ៍លំហអន្តរជាតិ ISS ដែលជាស្ថានីយ៍សហការរួមគ្នារវាងសហរដ្ឋអាមេរិក, រុស្ស៊ី, កាណា ដា, អឺរ៉ុបនិងជប៉ុន។ ស្ថានីយ៍លំហអវកាសISS នឹងត្រូវស្ថិតក្នុងការអស់សុពលភាពកំណត់ក្រោយឆ្នាំ២០២៤ បើទោះជាអង្គការណាសាអាមេរិកនិយាយថាស្ថានីយ៍លំហអវកាសISSនោះ អាចនឹងបន្តដំណើរការរហូតហួស ឆ្នាំ២០២៨ក៏ ដោយ។ ស្ថានីយ៍លំហអវកាស Tiangong គឺជាស្ថានីយ៍ដែលមានទំហំតូចជាងស្ថានីយ៍លំហអវកាស ISS និងមានការរំពឹងថាអាចមានអាយុកាលយ៉ាងហោចបានដប់ឆ្នាំ។