ត្បូងឃ្មុំ៖ កម្លាំងសហការ មាន ផ្នែក សង្កាត់រដ្ឋបាលព្រៃមេមត់ យោធាភូមិភាគ២ សិករងស្រុកមេមត់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនខុសច្បាប់ មួយករណីនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិដូង១ តាមដងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ
ដូង១ ឃុំតាមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការអនុវត្តន៍ភារៈកិច្ចនេះ កម្លាំងបានរឹបអូសប្រភេទឈើលេខ១ រួមមាន នាងនួន និងសុក្រម ប្រមាណជាង៤ម៉ែត្រគូប និង រថយន្តចំនួន២គ្រឿងផងដែរ ។
លោក ទួត វុត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់បានឲ្យដឹងថា ក្រោយពីលោកទទួលបានព័ត៌មានថា មានបទល្មើសការដឹកជញ្ជូនប្រភេទឈើលេខ១ មកពីខេត្តក្រចេះ ភ្លាម លោកបានស្មើសុំកម្លាំងសហការខាងលើ ទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំគោលការបង្ក្រាប មានការឯកភាព លោកបានដឹកនាំកម្លាំងសហការចុះបង្ក្រាប ចំណុចខាងលើ ហើយកម្លាំងបានធ្វើការរឹបអូសវត្ថុតាងប្រភេទឈើលេខ១ មានឈើនាងនួន និងឈើសុក្រម ចំនួន៤,១៤៧ម៉ែត្រគូប និងរថយន្តចំនួន២គ្រឿងម៉ាកស្តារិច១គ្រឿង និងរថយន្តម៉ាកសាំយ៉ុង១គ្រឿង មានពណ៌ស ដូចគ្នា ។ បច្ចុប្បន្នកម្លាំងអូសយកវត្ថុតាងល្មើសទាំងនោះ មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើមេមត់ ដើម្បីចំណាត់ការទៅតាមនីតិវិធី ។
លោកនាយសង្កាត់ បានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីនេះ ម្ចាស់រថយន្តព្រមទទួលកំហុស និងយល់ព្រមបង់ពិន័យអន្តរកាល បន្ទាប់និងធ្វើសំណើរសុំយករថយន្តទៅប្រើប្រាស់វិញ តាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ រីឯវត្ថុតាងឈើ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ៕