កណ្តាល ៖ បុរសវ័យ៣៧ឆ្នាំម្នាក់ជួបគ្រោះថ្នាក់ចរាចរតាមបណ្តោយផ្លូវជាតិលេខ១ បានស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ លុះព្រឹកឡើងទើបប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវជាតិប្រទះឃើញត្រង់ចំណុចភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នៅយប់ថ្ងៃកើតហេតុមិនត្រូវបានពលរដ្ឋណាម្នាក់បានឃើញថារថយន្ត ឬ ម៉ូតូបុកនោះទេ ។
ប៉ុន្តែសពជនរងគ្រោះម្នាក់នេះគឺពិតជាជួបគ្រោះថា្នក់ចរាចរពិនមែន ព្រោះស្ថានភាពនៃសពមានស្នាមបោកដួលលើថ្នល់ជាតិហូរឈាមចេញតាមត្រចៀក និងមាត់ ។ ប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុបាននិយាយដូចគ្នាថាជនរងគ្រោះម្នាក់នេះគឺជាមនុស្សវិកលចរិត តែតែដើរចុះឡើងតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ម្តុំកើតហេតុរួមទាំងមានកាន់ទៃពណ៌ស មួយផងដែរ ។ ប៉ុន្តែការដើរពនេតចររបស់បុរសអភព្វ័ម្នាក់នេះមិនត្រូវបានដឹងថានៅពេលយប់គាត់ឈប់ដេកពួនកន្លែងណានោះទេ ។
សមត្ថកិច្ចប៉ូលិសចរាចរស្រុកកៀនស្វាយបានឲ្យដឹងថាបុរសរងគ្រោះម្នាក់នេះប្រជាពលរដ្ឋរស់នៅភូមិស្ទឹង ឃុំសំរោងធំ សុទ្ធតែបានអះអាងថាជាមនុស្សវិកលចរិត ហើយក៏គ្មានអ្នកណាម្នាក់បានស្គាល់ទីលំនៅរបស់គេ និងអត្តសញ្ញាណបានច្បាស់លាស់ដែរ ។ ហេតុនេះសមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់សមាជីកក្រុមគ្រួសារដូចភិនភាគខាងលើសូមមកទំនាក់ទំនងសមត្ថកិច្ចស្រុកកៀនស្វាយដើម្បីយកសពជនរងគ្រោះរូបនេះធ្វើបុណ្យឲ្យបានសមរម្យទៅតាមគន្លងប្រពៃណីខ្មែរ ៕


































