ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​ចំនួន ៦៣​គ្រួសារ នៅ​ស្រុក​កងមាស ​ទទួលបាន​អំណោយ​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អំណោយ​កាកបាទក្រហ

0

​ ​ ​កំពង់ចាម​៖ អំណោយ​របស់​គណៈកម្មាធិកា​រ​គ្រប់​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្ដម លន់ លឹម​ថៃ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ចាម រួមជាមួយ​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​អាជ្ញាធរ​ស្រុក បាន​នាំយកទៅ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​ចំនួន ៦៣​គ្រួសារ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ ។​ ​ ​download (6)

លោក​មឿ​ន ផា​អភិបាលស្រុក​កងមាស បាន​គូសបញ្ជាក់ថា ដោយ​ភូមិសាស្ត្រ​របស់​ស្រុក​កងមាស ស្ថិតនៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ បានធ្វើ​ឲ្យ​ស្រុក​ងាយ​រង​ឥទ្ធិពល​ពី​ទឹកជំនន់ ។ ជាក់ស្ដែង ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ១១​ឃុំ ស្មើនឹង ៣.៦៨៥​គ្រួសារ មាន ៣.២២៤​ខ្នង​ផ្ទះ ស្មើនឹង​មនុស្ស ១៥.៧៨៥​នាក់ ប្រជាពលរដ្ឋ​ចំនួន ៦៣​គ្រួ​សារបាន​ផ្លាស់​ទៅកាន់​ទីទួល​សុវត្ថិភាព លិច​ផ្លូវ​កៅស៊ូ ៣៥០​ម៉ែត្រ ផ្លូវ​ក្រួស​ក្រហម ៧.៤៥១​ម៉ែត្រ វត្ត​ចំនួន ៣ វិហារ​ឥស្លាម ១ សាលារៀន ១៩​ខ្នង អាគារ​សាលាឃុំ ១​កន្លែង ។​

ដោយឡែក ឃុំ​សូរ​គង់ និង​ឃុំ​ពាមជីកង មាន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​បាក់​ច្រាំងទន្លេ​ធ្វើ​ឲ្យ​ស្រុត​ផ្ទះ ហើយ​បាន​រុះរើ​ផ្ទះ ស្មើនឹង ៦៣​គ្រួសារ​។​ ​ ​ឯកឧត្ដម លន់ លឹម​ថៃ បាន​សម្ដែង​នូវ​ការសោកស្ដាយ​ជាខ្លាំង ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ធម្មជាតិ ជាពិសេស ប្រជាពលរដ្ឋ​ដែល​បាន​រង​ផល់ប៉ះពាល់​ដោយសារ​បាក់​ច្រាំង ស្រុត​ផ្ទះ និង​បាន​រើ​ផ្ទះ ទាំង ៦៣​គ្រួសារ នៅក្នុង​ឃុំ​ទាំងពីរ​នេះ ។​រួមជាមួយ​គ្នា​នោះដែរ ឯកឧត្ដម លន់ លឹម​ថៃ​ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៦៣​គ្រួសារ ផងដែរ ។​ ​

ឯកឧត្ដម លន់ លឹម​ថៃ​មានប្រសាសន៍​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​នៅ​រដូវ​ទឹកជំនន់​មកដល់ គឺ​តែង​ត្រៀម​បង្ការ​សព្វបែបយ៉ាង តាំងពី​ស្បៀងអាហារ ទីកន្លែង​សម្រាប់​ដាក់​សត្វពាហៈនៈ រួមទាំង​ស្មៅ ចំបើង សម្រាប់​ជា​អាហារ​របស់​សត្វ​ទាំងនោះ ផងដែរ ។​ឯកឧត្ដម​បន្តថា ជីវិត​អ្នក​ទន្លេ ពេល​ទឹកតូច​ពេក គឺ​មិន​មានការ​សប្បាយចិត្ត​ទេ តែបើ​ទឹកធំ គឺ​សប្បាយចិត្ត​ណាស់ ពីព្រោះថា ពេល​ទឹក​ឡើង​ធំ គឺ​បាន​នាំមក​នូវ​ដីល្បាប់​ដ៏​មាន​ជីវជាតិ​សម្រាប់​ដាំ​ដុះ​ពុំ​សូវ​មាន​សត្វល្អិត សំបូរ​ត្រី និង​សំបូរ​ទឹក​សម្រាប់ ការងារ​បង្កបង្កើនផល​ស្រែប្រាំង​របស់​ពួកគេ ។ ប៉ុន្តែ ក៏​មិន​ចង់​ឲ្យ​ទឹក​ឡើង​ធំ រហូត​ទៅ​មាន​ជំនន់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ផ្ទះសម្បែង បែបនេះ​ទេ ។​

​ឯកឧត្ដម លន់ លឹម​ថៃ​បញ្ជាក់ដែរថា អំណោយ​សង្គ្រោះបន្ទាន់​ទាំងអស់នេះ គឺ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៦៣​គ្រួសារ ដែល​ទទួលរង​គ្រោះ តែប៉ុណ្ណោះ ។​ហើយ​សូម​មានការ​យោគយល់​ផងដែរ សម្រាប់​បងប្អូន ដែល​គ្រាន់តែ​មានការ​ទឹក​លិច​នៅក្រោម​ផ្ទះ​ពុំមាន​រងគ្រោះ​រហូតដល់​ស្រុត​ផ្ទះ និង​រុះរើ​ផ្ទះ​នោះទេ ។ បងប្អូន​ប្រជាពលរដ្ឋ​សូម​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ហេតុការណ៍​ផ្សេងៗ ដែល​ធ្វើ​ប៉ះពាល់​ដល់​អាយុជីវិត ពិសេស ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ កុមារ ជនពិការ ចាស់ជរា ផងដែរ ។

មួយចំណែក​ទៀត ទាំងអស់គ្នា​ក៏ត្រូវ​ចូលរួមចំណែក​អនុវត្ត​នូវ​ច្បាប់​ចរាចរណ៍ ព្រមទាំង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ផងដែរ ។​ ​សូម​បញ្ជាក់ដែរថា អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទាំង ៦៣​គ្រួសារ គឺមាន​ពីរ​ប្រភេទ ក្នុងនោះ ៖ អំណោយ​របស់​គណៈកម្មាធិកា​រ​គ្រប់​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ៥០​គ​.​ក្រ ស័ង្កសី ១៥​សន្លឹក និង​ថវិកា ១៥​ម៉ឺន​រៀល​រួមជាមួយ​និង​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​មី ១​កេស​តូច ត្រីខ ១០​កំប៉ុង​និង​ឃី​ត ១​កញ្ចប់ ដែលមាន​៖ ក្រមា ១ មុង ១ និង​សា​រ៉ុង ១ បន្ថែម ផងដែរ ៕