បើទោះជាតំបន់ទេសចរណ៍ ក្នុងខេត្តកំពត-កែប ពុំសូវសម្បូរភ្ញៀវ ប៉ុន្តែតម្លៃគ្រឿងសមុទ្រនៅតែមានហាងឆេងធម្មតា

0

ខេត្តកំពត៖ ថ្វីត្បិតតំបន់ទេសចរណ៍នានាទូទាំងខេត្តកំពត-កែប ពុំសូវមានក្រុមភ្ញៀវមកទស្សនា ប៉ុន្តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រនៅក្នុងផ្សារនៃតំបន់ខាងលើហាក់នៅតម្លៃធម្មតា។បើយោងតាមរបាយការណ៍ដែលទទួលបានពី លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្វីត្បិតក្នុងរមណីយដ្ឋានខេត្តកែប ពុំសូវមានភ្ញៀវមកទស្សនា សម្រាកលម្ហែ ដូចមុនក៏ពិតមែន តែតម្លៃគ្រឿងសមុទ្រហាក់មានហាងឆេងធម្មតា(តម្លៃទូទៅ)។លោកថា ជួនកាលពេលខ្លះតម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើងចុះ បណ្តាលមកពីការងារនេសាទមានការថយចុះ ដែលកត្រាបែបនេះអាចបណ្តាលមកពីបញ្ហាគ្រោះធម្មជាតិ ដូចជាមានភ្លៀងខ្យល់ ពិសេសព្រោះតែទឹករលកធំៗ ទើបអ្នកនេសាទខ្លះអាក់ខានពុំបានចេញទូកនេសាទក្នុងលម្ហសមុទ្រ។

លោកប្រធានបានបញ្ជាក់ទៀតថា ចំពោះតម្លៃទូទៅរួមមាន៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃចាប់ពី៤០,០០០៛ទៅ៤៥,០០០៛,មឹកស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃចាប់ពី៣៥,០០០៛ ទៅ៤៥,០០០៛ ,ក្តាមសេះលេខ១ តម្លៃចាប់ពី ៦០,០០០៛ ទៅ ៦៥,០០០៛។

ដោយឡែកបើយោងតាមតួលេខរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ដែរថា តម្លៃគ្រឿងសមុទ្រ នៅទីផ្សារខេត្តកំពត គឺមានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ៕ សេង ណារិទ្ធ