ប៊ូទិកមួយកន្លែងកំពុងបណ្តែតខ្លួនក្នុងដែនដីអប្សរា ខណ:ពលរដ្ឋមិនអាចសង់ផ្ទះបាន

0

សៀមរាប៖ ប៊ូទិករបស់ប្រធានមន្ទីរផែនការខេត្តមួយកន្លែងកំពុងបណ្តែតខ្លួនយ៉ាងស្គឹមស្គៃ ក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ខណៈពលរដ្ឋនៅក្បែរនោះ មិនអាចសង់ផ្ទះបាន។ ករណីខាងលើនេះ មន្ត្រីអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមការងារធ្លាប់បានចុះទៅហាមឃាត់ជាច្រើនដងហើយ តែបុគ្គលខាងលើនៅតែលួចសាងសង់ទាំងបំពានដដែលៗ។ ពេលនេះ ស្ថាប័នអាជ្ញាធរជាតិអប្សរា បានដាក់ពាក្យបណ្តឹងចំពោះម្ចាស់ប៊ូទិកទៅតុលាការរួចហើយ។

បច្ចុប្បន្ន ប៊ូទិកនេះ គឺកំពុងតែដំណើរការសាងសង់ក្នុងដែនគ្រប់គ្រង់ដោយអាជ្ញាធរអប្សរានេះនៅឡើយទេ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រង់ចំណុចខាងកើតវត្តប្រាសាទគោកចក ប្រមាណជាង២០០ម៉ែត្រ។ ជាកម្មសិទ្ធិរបស់លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និង ប្រពន្ធ ។

ការសាងសង់ប៊ូទិក ក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដោយគ្មានច្បាប់អនុញាតិនេះ ប្រជាពលរដ្ឋក្នុងតំបន់នោះ បានលើកឡើងថា ពួកគាត់ត្រឹមតែសង់ផ្ទះតូចតាចសម្រាប់រស់នៅ ឬក៍ធ្វើទ្រុងមាន់ទ្រុងទា ក៏ត្រូវបានហាមឃាត់យ៉ាងតឹងរឹងបំផុតពីអាជ្ញាធរជាតិអប្សរាដែរ។ ចុះចំណែកប៊ូទិកនេះវិញ ដែលធំស្គឹមស្គៃរបស់លោកប្រធានមន្ទីរផែនការ ហេតុអីមិនហាមឃាត់ ឬក៏ហាមឃាត់មិនបាន។ តើនេះជាអំណាចបុគ្គល ឬក៏មានអ្វីនៅពីក្រោយសំណង់ប៊ូទិកនេះ? ។ ជាមួយគ្នានោះ ពលរដ្ឋបានលើកជាសំណូមពរ សុំអោយអាជ្ញាធរពាក់ពន្ធ័ ពិសេសអាជ្ញាធរជាតិអប្សរា មេត្តាពិនិត្យសំណង់ប៊ូទិកនេះ ហើយអនុវត្តវិធានការច្បាប់ ដោយមិនបែងចែករវាងពលរដ្ឋនិងអ្នករាជការ។ ប៉ុន្តែផ្ទុយទៅវិញ បើប៊ូទិកមួយនេះ មិនត្រូវបានចាត់វិធានការច្បាប់ទេនោះ អាចនឹងមានប៊ូទិករាប់សិបកន្លែងទៀតបណ្តែតខ្លួនក្នុងដែនអប្សរាដូចគ្នាយ៉ាងនេះដែរ។

ជុំវិញករណីនេះ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប បានប្រាប់តាមទូរសព្ទ័កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា សំណង់នេះមិនមែនជារបស់លោកឡើយ ផ្ទះរបស់លោកនៅភូមិផ្សេងទេ។ បើទោះបីជាបែបនេះក្តី មន្ត្រីរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ប៊ូទិកខាងលើនេះជារបស់លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប និងប្រពន្ធ យ៉ាងពិតប្រាកដមែន។ ប៉ុន្តែពេលអាជ្ញាធរជាតិអប្សរាចុះទៅទប់ស្កាត់ហាមឃាត់ការសាងសង់ ប្រធានមន្ទីរផែនការរូបនេះ តែងអោយប្រពន្ធ ឈ្មោះស ពិដោ ជាអ្នកចេញមុខតតាំងទៅវិញ។

មន្ត្រីអាជ្ញាធរជាតិអប្សរា ដែលសុំមិនបង្ហាញឈ្មោះ បានបញ្ជាក់ទៀតថា សំណង់ប៊ូទិក របស់លោក ហាក់ សុ ធារ៉ា នេះ ខាងអាជ្ញាធរជាតិអប្សរា បានចុះទៅហាមឃាត់ច្រើនដងហើយ តែគេនៅតែលួចសាងសង់បំពាន។ ដូច្នេះយើងត្រូវតែធ្វើតាមនិតីវិធីរបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ។ អាជ្ញាធរជាតិអប្សរា កំពុងរងចាំតែដីការសម្រេចពីតុលាការប៉ុណ្ណោះ ក្នុងការអនុវត្តរុះរើនោះ៕