(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញជលផលខេត្តកែប និងអាជ្ញាធរមូលដ្ឋានបានចុះមកធ្វើការអប់រំណែនាំដល់ប្រជានេសាទ ស្ថិតនៅចំណុចកំពង់ទូកស្រែយោល ក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីជំរុញដល់អ្នកនរសាទកុំឲ្យប្រើឧបករណ៍នេសាទខុសច្បាប់បន្តទៀត។ចំពោះការចុះមកណែនាំនេះ បន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកមួយបានសរសេររិះគន់ និងចោទប្រកាន់ ដល់មន្ត្រីជំនាញលើករណីចាប់បង្ក្រាបទូកនេសាទខុសច្បាប់ ដើម្បីយកលុយ។
លោក ចក់ ស៊ីនាថ នាយផ្នែកជលផលខេត្តកែប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំលោកតែងតែធ្វើពិធីផ្សព្វផ្សាយ អប់រំណែនាំ ដល់ប្រជានេសាទទាំងអស់កុំឲ្យប្រើឧបករណ៍ខុសច្បាប់ ព្រោះវានាំបង្កឲ្យប៉ះពាល់ដល់មច្ឆាជាតិគ្រប់ប្រភេទក្នុងទឹក។ដោយឡែកចំពោះករណីអ្នកសារព័ត៌មានក្នុងស្រុកឡាយតាមប្រព័ន្ធហ្វេសបុកចោទប្រកាន់ថាលោកធ្វើទុក្ខបុកម្នេញដល់ប្រជានេសាទនោះ គឺជាការមូលបង្កាច់មួយដែលលោកមិនអាចទទួលយកបានឡើយ។លោកបន្តថា ការបង្ក្រាបបទល្មើសនេសាទគឺជាការចាំបាច់ ដោយត្រូវបានអនុវត្តតាមច្បាប់ជលផល ហើយការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនេះ ជំនាញអនុវត្តតែលើឧបករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ។ធ្វើបែបនេះដើម្បីការពារ និងថែរក្សាធម្មធានធម្មជាតិក្នុងទឹកឲ្យកាន់តែសម្បូរបែប។
សូមបញ្ជាក់ផងដែរថា ការចុះមកធ្វើការអប់រំណែនាំដល់ប្រជានេសាទនាពេលនេះ ក្រោយពីអ្នកសារព័ត៌មានក្នុងស្រុកបានមកថតផ្តិតយករូបភាពទូកនេសាទ ដោយបានឡាយចោទប្រកាន់ដល់មន្ត្រីជំនាញជលផលថាបានចាប់ទូកអ្នកនេសាទយកលុយផ្ទុយពីការពិត។ ហើយជុំវិញការចោទប្រកាន់នេះ បើយោងតាមសំដីអ្នកនេសាទម្នាក់ ឈ្មោះ មុី វុទ្ធី រស់នៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលធ្លាប់ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត បានឲ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពេលរូបគាត់កំពុងនេសាទដោយប្រើឧបករណ៍ខុសច្បាប់តាមសមុទ្រ ស្រាប់តែជំនាញមកចាប់យកឧបករណ៍របស់គាត់ លុះពេលខឹងខ្លាំងពេក ទើបរូបគាត់ផ្តល់ព័ត៌មានទៅឲ្យអ្នកកាសែតផ្សាយដើម្បីបំភ្លៃការពិតតែម្តង។
ក្រោយពីការផ្តល់សម្ភាសដល់អ្នកកាសែតដោយគ្មានការពិតខាងលើនេះ ដោយខ្លាចមានទោសទណ្ឌ អ្នកនេសាទ ឈ្មោះ មុី វុទ្ធី និងភរិយា ក៏បានធ្វើការសុំអភ័យទោស ដល់មន្ត្រីជំនាញជលផល ដើម្បីលុបលាងកំហុស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្របពេលដែលជំនាញនិងអាជ្ញាធរធ្វើការផ្សព្វផ្សាយអប់រំ ណែនាំ ស្តីពី ច្បាប់ជលផល៕ សេង ណារិទ្ធ