ធ្លាយ​រឿង​អំពើពុករលួយ​នៅ​មន្ទីរអប់រំ​ខេត្តបាត់ដំបង លោក​ប្រធាន ងី សែត ប្រមូលប្រាក់​រាប់​ឆ្នាំ​

0

​ ​ខេត្តបាត់ដំបង ៖ រឿងអាស្រូវ​ថ្មី​មួយ​នៅ​មន្ទីរអប់រំ​ខេត្តបាត់ដំបង​ត្រូវបាន​មន្ត្រី​មួយចំនួន​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ប្រធាន​មន្ទីរ​របស់ខ្លួន​គឺ​លោក ងី សែត និង​មន្ត្រី​ជំនិត​មួយ​ក្តាប់​តូច​បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដ៍​ធ្ងន់ធ្ងរ​តាមរយៈ​ការ​កឹ​ប​កេង​ថវិកា​សំរាប់​ឧបត្ថម្ភ​ដំណើរ​លំហែ​និង​សិក្សា​រួម​និង​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​សហគមន៍​កីឡា​។​ ​

​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ថវិកា​ទាំងពីរ​ប្រភេទ​ខាងលើ​ក្នុង​មួយឆ្នាំៗ​ត្រូវបាន​ពួកគេ​រួមដៃគ្នា​កឹ​ប​កេង​អស់​មិនតិចជាង​១០០​លាន​រៀល ជំនួស​មកវិញ​ដោយ​ការធ្វើ​ឯកសារ​បំប៉ោង​តួលេខ​ចំនួន​នៃ​ការ​ប្រ​គួ​ត​កីឡា​និង​ចំនួន​អ្នកដើរ​សិក្សា​លំហែ​ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ទឹកប្រាក់​ដែល​គេ​បាន​យក​ថវិកាជាតិ​មក​ចាយ​នោះ​។

តែ​សកម្មភាព​ជាក់ស្តែង​ការងារ​ខ្លះ​ស្ទើរតែ​ទាំងស្រុង​មិនត្រូវ​បាន​ពួកគេ​អនុវត្តន៍ នេះ​មិនទាន់​និយាយ​អំពី​ការចំណាយ​បែប​ភាពមិនប្រក្រតី​ទៅតាម​ប្រភេទ​គណនេយ្យ អនុ​គណនេយ្យ​នៅក្នុង​ជំពូក​ជាច្រើន​ទៀត​នៃ​ការចំណាយ​ថវិកាជាតិ​។ ​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៣​កន្លងទៅ​មន្ទីរអប់រំ​ខេត្តបាត់ដំបង​បាន​ចំណាយ​ថវិកា​សម្រាប់​ឧបត្ថម្ភ​សហគមន៍​កីឡា​អស់​ចំនួន​២៣៩,៣៩០,០០០​រៀល និង​ថវិកា​សម្រាប់​ដំណើរ​លំហែ​និង​សិក្សា​អស់​ចំនួន​១៧១,៦៦៤,០០០​រៀល ប៉ុន្តែ​ថវិកា​ទាំងនេះ​វា​គ្រាន់តែ​ជា​តួលេខ​ដែល​មន្ទីរអប់រំ​បាន​ដក​ថវិកាជាតិ​យកមក​ចាយ​ប៉ុណ្ណោះ សម្រាប់​សកម្មភាព​ជាក់ស្តែង​គឺ​ថវិកា​ខាងលើ​ត្រូវបាន​គេ​កឹ​ប​កេង​អស់​មិនតិចជាង​១០០​លាន​រៀល ឡើយ​។​ ​