ព្រៃឡង់និងរលាយហើយបើកាលណាមានមន្រ្តីគ្រាប់ល្ពៅស្ងោរនៅបន្លំជាសមត្ថកិច្ច

ខេត្តកំពង់ធំ ប្រជាពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំង ខណះពេលព្រៃឡង់កំពុងតែរលាយ ដោយសារក្រុមមន្ត្រីពុករលួយមួយចំនួនតូច បានបើកដៃឲ្យឈ្មួញ ដឹកជញ្ជូន អនុផលព្រៃឈើ ដោយខុសច្បាប់ ក្រោមល្បិចកល ដឹកឈើផ្ទះចាស់ខាងលើ ឈើថ្មីខាងក្រោម ត្រូវបានសមត្ថកិច្ច អធិការ រដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាបបង្រ្កាបបាន រថយន្តធុនយក្ស មួយគ្រឿង កាលពីវេលាម៉ោង 9 យប់ ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2021 នៅចំណុចអូរងាវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

រថយន្តធុនយក្ស ប្រភេទវេអង បានបង្រួមខ្លួនយ៉ាងតូច ដឹកឈើខុសច្បាប់ចេញ ក្រោមឃ្លៀកសមត្ថកិច្ចបរិស្ថាននៃស្នាក់ការអូងាវ ដោយប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដាក់ឈើថ្មី ពីក្រោម ទិញឈើចាស់ៗដាក់គ្របពីលើ ដើម្បី បំភ័ន្តភ្នែកសមត្ថកិច្ច តែចៃដន្យសំណាងអាក្រក់ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃ នៃអធិការខាងជើងបឹងទន្លេសាប។

តាមប្រភពព័ត៌មាន រាយការណ៍ ថាតាមពិត រូបភាពនេះគឺក្រុមឈ្មួញបានរកស៊ីកាក់កប ជាច្រើនឆ្នាំមកហើយ ដោយគេត្រូវ ជាមួយនឹងសមត្ថកិច្ច មួយចំនួនតូចនៅមូលដ្ឋាន រួចហើយធ្វើចរាចរណ៍ បានយ៉ាងរលូនដោយ ក្រុមឈ្មួញបានទិញឈើពីអ្នកភូមិ ដែលបានលួចទៅកាត់នៅក្នុងព្រៃឡង់ ហើយដឹកចូលមក អូងាវ ក្នុងភូមិសាស្រ្តដែនព្រៃឡង់ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតពីសមត្ថកិច្ចបរិស្ថាន។

ក្នុងនោះមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាហេតុអ្វី បានជាសកម្មភាព ដឹកឈើដោយខុសច្បាប់ ដោយរូបភាព រថយន្ត
វេអង ដឹកចេញបាន យ៉ាងស្រួលដូច្នេះទៅវិញ ឬសមត្ថកិច្ចពាក់ព័ន្ធ មានការត្រូវរ៉ូវគ្នាអស់ហើយ បានជាសកម្មភាព ដឹកឈើដោយខុសច្បាប់នេះ អាចចរាចរណ៍បានយ៉ាងរលូន។

ប្រជាពលរដ្ឋអបអរសាទរ ខណៈ ពេលដែល លោកហោ ភាច នាយរងអធិការខាងជើងបឹងទន្លេសាប បានបញ្ជាឲ្យ កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ស្ទាក់ចាប់ឡាន វេអងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅដាក់ នៅឯខេត្តកំពត បានបង្ក្រាបទាន់ពេលវេលា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ គឺមានឈ្មោះនិត ដែលជាឈ្មួញខាងបំផ្លិចបំផ្លាញព្រៃឈើយ៉ាងសកម្ម ក្នុងការប្រមូល​ទិញឈើ ពីប្រជាពលរដ្ឋ ដែល ទៅលួចអារ នៅក្នុងដែនជម្រកព្រៃឡង់ និងបានលាត់ដោះឲ្យសមត្ថកិច្ចបៅ ជាថ្នូរនិងមិនចាប់ ថែមបង្កើត ជាយុទ្ធសាសន៍ នៃអំពើពុករលួយ បានចាប់ដៃគូរសហការ យ៉ាងល្អប្រសើរ ជាមួយនឹងសមត្ថកិច្ច ដែលពាក់ព័ន្ធនៅ តំបន់ខាងលើ ដើម្បី ធ្វើសកម្មភាពដឹកឈើទាំងអស់នេះទៅលក់នៅឯទីផ្សារក្នុងខេត្តកំពត។

សូមបញ្ជាក់ផងដែរថា​ការបង្ក្រាបនេះ.​មហាជនជាច្រើនកំពុងតែផឹកកាហ្វេចាំមើល សមត្ថកិច្ច ឃាត់រថយន្តនេះ បានប៉ុន្មានម៉ោង ប៉ុន្មានដង្ហើមចង្រិត ព្រោះមានប្រភពមួយទម្លាយថា ឈ្មួញឈើឈ្មោះនិត កំពុងតែ ដុតដៃដុតជើង ស្វះស្វែង អ្នកតូចអ្នកធំ ដើម្បីដោះលែងឡាន៕
ដោយ វណ្ណៈ សម្បត្តិ