សមត្ថកិច្ចស្រុកជ័យសែន ខេត្តព្រះវិហារ ចាប់រថយន្តធុនធំមួយគ្រឿង សង្ស័យដឹកឈើចាស់ពីលើ បង្កប់ឈើថ្មីពីក្រោម ដោយល្មើសនឹងច្បាប់រដ្ឋបាលព្រៃឈើ !

0


ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ បានសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ប្រដេញស្ទាក់ចាប់រថយន្តធុនធំមួយគ្រឿង សង្ស័យដឹកជញ្ជូនឈើ ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តព្រះវិហារ។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើធុនធំមួយគ្រឿងនោះ បានធ្វើឡើងកាលម៉ោងជាង ១១យប់ ថ្ងៃទី២៥មិថុនាឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៩៥ ត្រង់ចំណុចមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា រថយន្តដែលរងការបង្ក្រាបនោះ គឺជាប្រភេទវេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0648 ក្បាលព័ណ៌ស ទ្រុងសលាយខៀវ រថយន្តនេះ ត្រូវគេដឹងថា បានដឹកជញ្ជូនឈើចេញពីក្នុងភូមិសាស្ត្រស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ និងខេត្តគោលដៅឈប់សំចត ដោយឆ្លងកាត់ភូមិសាស្ត្រស្រុករវៀង។ ប៉ុន្តែ ពេលរថយន្តនោះ ដឹកឈើមកដល់ និងគ្រោងនឹងឆ្លងកាត់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ក៏ត្រូវបានមន្ត្រីអាវុធហត្ថឃាត់ទុកនៅទីនោះមួយយប់ និងនៅថ្ងៃទី២៦មិថុនាឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុក បានប្រគល់រថយន្តនោះឲ្យមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន យកទៅកាន់ស្នាក់ការ និងចាត់ការតាមច្បាប់។
រហូតមកទល់នឹងរសៀលថ្ងៃទី២៧មិថុនាឆ្នាំ២០២១នេះ គេនៅមិនទាន់ដឹងថា តើឈើនៅក្នុងរថយន្តនោះ ត្រូវបានឆែកឆេរ វាស់ចំនួនឈើ ដោយមន្ត្រីជំនាញហើយនៅ? និងមានចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយនោះទេ? ព្រោះត្បិត អ្នកសារព័ត៌មាន មិនមានលេខមន្ត្រីព្រៃឈើនៅទីនោះ សម្រាប់ធ្វើការទំនាក់ទំនងនោះឡើយ។
ប្រភពមិនផ្លូវការបានបង្ហើបឲ្យដឹងថា រថយន្តដឹកឈើមួយគ្រឿងនោះ ខណៈនេះកំពុងមានមនុស្សរត់ការ ដើម្បីដោះលែងរថយន្តនោះ ពីកណ្តាប់ដៃសមត្ថកិច្ច ដែលបានធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាប នៅយប់២៥មិថុនាឆ្នាំ២០២១ នោះហើយ ???៕