បុរសម្នាក់គាំងបេះដូងស្លាប់បង្កការភ្ញាក់ផ្អើលនៅស្រុកកំពង់ស្វាយ

កំពង់ធំ៖ បុរសម្នាក់គាំងបេះដូងស្លាប់បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១២៖១០នាទី នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះតេង ម៉ៅ ភេទប្រុសអាយុ៥៣ឆ្នាំនៅភូមិ ឃុំ កើតហេតុខាងលើ។តាមការបំភ្លឺពីប្រពន្ធសពឈ្មោះ តឹង ហុន អាយុ ៥១ឆ្នាំ មុខរបរកសិករ ជាប្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថាស្ទើររាល់ថ្ងៃ ប្ដីរបស់ខ្លួនតែងតែដើរផឹកស្រា នៅក្នុងភូមិបាត់ៗ ជួនមកផ្ទះជួនដេកនៅផ្ទះបងប្អូន ឬក៏ដេកនៅផ្ទះអ្នកស្រុក ។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១វេលាម៉ោងប្រហែល៨៖៥នាទីប្ដីរបស់ខ្លួនបានសុំលុយ៥០០០០រៀលថាយកទៅទិញស្រាផឹក ខ្លួនក៏បានឲ្យលុយទៅពេលនោះប្តីបានទៅបាត់មួយយប់រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១១៖៣០នាទី ខ្លួនបានជួបនិងឈ្មោះ តោ ចាំ ភេទប្រុសបានសួរថា:បងចាំឯងឃើញប្ដីខ្ញុំទេ? ឈ្មោះចាំឆ្លើយថា: កាលពីម្សិលមិញឃើញវាដើរស្រវឹងស្រាទទ្រេតទទ្រូតម៉ោងប្រហែល១៤,០០នាទីហើយគាត់បានឃាត់ថា: អាម៉ៅបើស្រវឹងស្រាហើយកុំទៅផ្ទះអី។ ឈ្មោះតេង ម៉ៅ(សព) ឆ្លើយថា ប្រញ៉ាប់ទៅមើលគោ ហើយវាដើរចេញតាមក្រោយផ្ទះឈ្មោះចាំ ដើរកាត់វាលស្រែបាត់ទៅ។ ភ្លាមនោះខ្លួនក៏ហៅអ្នកស្រុកឲ្យជួយរក ក្រោយមកទើបរកឃើញ ប្ដីខ្លួនដេកស្លាប់នៅវាលស្រែបាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញស្រុក ប៉ុស្តិ៍ ព្រមទាំងបុគ្គលិកមណ្ឌលសុខភាព អាជ្ញាធរ ភូមិ ឃុំបានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសព។ សពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាត់ឡើយ ។ តាមការពិនិត្យកន្លែងកើតហេតុ និងសាកសពសមត្ថកិច្ចសន្និដ្ឋានសពស្លាប់ដោយសារគាំងបេះដូង មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ណឡើយ ។

ក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។