អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងប្រជា

ពលរដ្ឋទាំងអស់ មេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ!

ខេត្តស្ទឹងត្រែង៖ អំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងតាមរយៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងពេលឯកឧត្តម អភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយពីជាប់ពាក់ព័ន្ធផ្ទាល់ និង ប្រយោលជាមួយអ្នកឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការសួរសុខទុក្ខដល់នាយទាហាន ពលទាហានទាំងអស់ ដែលកំពុងសម្រាកព្យាបាល នឹងកំពុងធ្វើចត្តាឡីស័ក ប៉ុន្តែរាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី-ខេត្តគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងនូវការរាតត្បាតដោយជម្ងឺកូវីដ-១៩ ពិសេសខេត្តស្ទឹងត្រែងនាពេលកំពុងដែលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះផងដែរ ។

ឯកឧត្តម បានបន្តថាៈក្នុងរយៈពេលនេះសូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ ថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អតាមការ
ណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង៣ការពារ ដោយត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតបុគ្គល ដើម្បីរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ និងជម្ងឺកូវីដ-១៩ ដែលជាសត្រូវអត់ស្រមោល កុំឱ្យបន្តឆ្លងចូលក្នុង ក្រុមគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសរបស់យើងបន្តទៀត ។

គួរបញ្ជាក់ថាៈអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលឯកឧត្តមអភិបាលខេត្តនាំយកមកប្រគល់ជូនដល់ នាយទាហាន ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្ត នាឱកាសនោះ រួមមាន៖អង្ករចំនួន ១តោន/ មីយើងចំនួន២០កេស/ ត្រីខកំប៉ុងចំនួន៤០កេស/ម៉ាស់ពេទ្យចំនួន០៤កេស/ទឹកអាល់កុចំនួន០៤កេស/ទឹកក្ពុលមាត់ចំនួន០៤កេស ព្រមទាំងថវិកាចំនួន២លានរៀលផងដែរ ៕