អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋ ក្នុងស្រុកកំពង់សៀម ព្រៃឈរ ជេីងព្រៃ និងស្រុកបាធាយ ឲ្យ ត្រៀមខ្លួនទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩

កំពង់ចាម: ក្នុង ឱកាសចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទ ចំនួន១០០គ្រួសារ នៅវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។

ឯកឧត្តមអភិបាលខេត្ត បាន ថ្លែង ថា ចាប់ពីថ្ងៃស្អែកនេះតទៅ រដ្ឋបាលខេត្តកំពង់ចាម ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន៤ គឺ ទី១ ស្រុកកំពង់សៀម ទី២ ស្រុកព្រៃឈរ ទី៣ ស្រុកជើងព្រៃ និងទី៤ ស្រុកបាធាយ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានដឹកបញ្ជូនមកដល់រដ្ឋបាលខេត្តកំពង់ចាមហើយ រីឯក្រុមគ្រូពេទ្យ ក៏បានរៀបចំទុកដាក់រួចរាល់ហើយដែរ សម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដូច្នេះរដ្ឋបាលខេត្ត សូមប្រកាសអញ្ជើញ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន អាជីវករលក់ដូរតាមផ្សារ និងមន្ត្រីរាជការ សូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅតាមគោលដៅនីមួយៗ ដែលក្រុមគ្រូពេទ្យបានរៀបចំ និងសូមកុំភ្លេចយកអត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួនមកផង។

ឯកឧត្តម អភិបាលខេត្ត បានរំលឹកផងដែរថា មកដល់ពេលនេះខេត្តកំពង់ចាមមានប្រជាពលរដ្ឋ បានធ្លាក់ទៅក្នុងភាពក្រីក្រក្នុងរង្វង់ ៤៧,០០០ គ្រួសារ ដោយសារតែជួបគេបាត់ជំងឺកូវីដ១៩ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះសម្រាប់ខេត្តកំពង់ចាម អស់ជាង ២០លានដុល្លារហើយ ។

ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាល នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ នេះផងដែរ ៕