ខេត្តព្រះវិហារ៖ បង្កាន់ដៃនៃស្ពានថ្មមួយកន្លែង ដែលគេសាងសង់ឡើងសម្រាប់ធ្វើជារនាំងសុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ស្ពាន និងរថយន្តព័ណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម មួយគ្រឿង បានរងការខូចខាត ក្រោយពេលម្ចាស់រថយន្តនោះ ត្រូវគដឹងថា បានស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ហើយបានបើកបររថយន្តឆ្លងកាត់ស្ពាន ប៉ុន្តែ ឆ្លងមកទាន់ផុតផង ក៏បានរេចង្កូតមកបុកបង្កាន់ដៃស្ពាន គាបជាប់នៅទីនោះ បង្ករការភ្ញាក់ផ្អើលដល់អ្នករស់នៅក្នុងមូលដ្ឋាននោះ ទាំងពេលព្រលប់។
ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ៧ និង១៨នាទីយប់ ថ្ងៃទី២៧មិថុនាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិ១ខ្សែ ចាប់ពីចំណុចរង្វង់មូលស្រអែម នៃស្រុកជាំក្សាន្ត ឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។
នាយប៉ុស្តិ៍នគរបាលរដ្ឋាបាលឃុំស្រអែម លោកអនុសេនីយ៍ឯក ហ៊ុយ សុផុន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា អ្នកបើករថយន្ត ឈ្មោះ លឹម ហាក់ហូរ អាយុ ៣៥ឆ្នាំ ជាមន្ត្រីយោធា នៃអង្គភាពវរសេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ បានប្រើប្រាស់រថយន្តម៉ាកហ្វត ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02-2-4943 បានបើកបររថយន្តក្នុងទិសដីពីកើតទៅលិច ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បាត់បង់ម្ចាស់ការ និងបានជ្រុលចង្កូតទៅបុករះបង្កាន់ដៃស្ពាន រងការខូចខាតទាំងរថយន្ត និងបង្កាន់ដៃស្ពាន តែអ្នកបើកបរមិនមានគ្រោះថ្នាក់នោះធ្ងន់ធ្ងរនោះទេ។
លោកនាយប៉ុស្តិ៍ បានឲ្យដឹងទៀតថា អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តព័ណ៌ត្រេអ៊ីមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ហើយរេចង្កូតពេញទ្រូងផ្លូវ មើលទៅហាក់ដូចជាស្ថិតក្នុងសភាពស្រវឹងស្រា ធ្វើឲ្យបាត់បង់ម្ចាស់ការក្នុងការបើកបរ ហើយរថយន្តនោះ បានបុករះបង្កាន់ដៃស្ពាន ខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អបានបង្កាន់ដៃស្ពានជួយទប់ ម្ល៉េះសមរថយន្តនេះនឹងធ្លាក់ចុះពីលើស្ពានបាត់ទៅហើយ។ លោកថា នៅក្នុងហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើលដល់អ្នករស់នៅម្តុំនោះ និងកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានចុះមកាន់ទីកើតហេតុនោះភ្លាមៗផងដែរ។
ចំពោះរថយន្តត្រូវបានបញ្ជូនយកទៅរក្សាទុក និងរង់ចាំដោះស្រាយ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម។ ចំណែក ម្ចាស់រថយន្ត ត្រូវបានសាច់ញាតិមកនាំយកទៅកាន់លំនៅដ្ឋាន ដើម្បីព្យាបាលរបួស ដែលបង្ករឡើងពីការបើកបរ ដោយមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ ប្រទេសកម្ពុជា ៕





































