កំពង់ឆ្នាំង ៖ បុរសម្នាក់ដេញគោឆ្លងព្រែក អកុសលលង់ទឹកស្លាប់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រទះ ឃើញសាកសពណ្តែតទឹកនៅមាត់ព្រែក ក្រោយពីបាត់ពីផ្ទះអស់មួយយប់ ។ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុច វៃ ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ជនរងគ្រោះរស់នៅតែម្នាក់ឯងទេ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅ មុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែមិថុនា ជនរងគ្រោះបានចម្លងគោតាមព្រែកឱ្យទៅស៊ីស្មៅតាមព្រែពាមទន្លា ដូចសព្វដង ប៉ុន្តែនាថ្ងៃនេះ គេមិនឃើញបុរសរងគ្រោះមកផ្ទះដូចរាល់ដងនោះទេ ដោយសារតែគាត់នៅផ្ទះតែម្នាក់ឯង ។ លុះព្រឹកថ្ងៃទី២៨ ខែមិថុនា ប្រជាពលរដ្ឋក្នុងភូមិបានចុះទៅមាត់ទឹកដើម្បីចេញដំណើរតាមការណូតស្មាច់ បម្រុងមកកំពង់ឆ្នាំង ដើម្បីទិញឥវ៉ាន់ ក៍ប្រទះឃើញសពជនរងគ្រោះអណ្តែតនៅមាត់ព្រែក ។
ពេលប្រទះឃើញសពជនរងគ្រោះភ្លាម បានរាយ ការណ៍ទៅអាជ្ញាធរសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ពិនិត្យ មើលសាកសព ។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះពិនិត្យ លទ្ធផលឃើញថាសពជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹក ពិតប្រាកដមែន ។
ពលរដ្ឋនៅក្នុងភូមិបាននិយាយជនរងគ្រោះជាមនុស្សញៀនស្រា ផឹកស្រវឹងមិនដែលដាច់ថ្ងៃណានោះទេ ឃើញតែស្រវឹងជាប់ជាប្រចាំ ប៉ុន្តែថ្ងៃនេះមិនដឹងយ៉ាង ម៉េចទើបបណ្តាលឱ្យលង់ទឹកស្លាប់តែម្តងទៅ ។





































