អ្នកដាំទុរេននៅខេត្តកំពត សប្បាយប្រមូលផល ខណៈហាងឆេងផ្លែទុរេនមានតម្លៃខ្ពស់គួរសម

(ខេត្តកំពត)៖ ជាទូទៅពលរដ្ឋក្នុងខេត្តកំពតមួយចំនួននៅតែនិយមចូលចិត្តប្រកបការងារដាំទុរេន ព្រោះតែដាំណាំមួយប្រភេទនេះទទួលភោគផលបានគួរសម ឯតម្លៃក៏មានហាងឆេងខ្ពស់មិនធម្មតា។

យ៉ាងណាមិញតាមការលើកឡើងពីមជ្ឈដ្ឋានគ្រប់ស្រទាប់ទូទាំងប្រទេស តែងតែនិយមចូលចិត្តថែមទាំងឲ្យតម្លៃ និងទទួលស្គាល់នូវរសជាតិផ្អែមឆ្ងាញ់ដាច់គេ នៃទុរេនខេត្តកំពត ហើយភាពល្បីល្បាញនេះ ក៏បានធ្វើឲ្យវិសាលភាព នៃទុរេន កំពត(ទិសនិរតី) ក្លាយជាអត្តសញ្ញាណសម្រាប់ខេត្តកំពតផងដែរ។

បើក្រលេកមកមើលចំការទុរេនរបស់អ្នកមីង សន ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដែលក្នុងចំការនោះ អ្នកមីងបានដាំទុរេនចំនួនជាង៣០០ដើម បើមើលឃើញហើយពិតជាចង់គយគន់ ព្រោះទុរេនរបស់គាត់លូតលាស់ល្អណាស់។

បានជួបជាមួយអ្នកយកព័ត៌មាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកមីងបានឲ្យដឹងថា ក្នុងឆ្នាំនេះថ្វីត្បិតទុរេនមានតម្លៃខ្ពស់គ្រាន់បើ ប៉ុន្តែទិន្នផលដែលទទួលបានភោគផល គឺចាញ់ឆ្នាំមុនបន្តិចបន្តួច តែគ្មានបញ្ហាគួរឲ្យស្មុគស្មាញឡើយ ព្រោះគាត់លក់បានប្រាក់យកទៅទូទាត់តម្លៃការងាររបស់កម្មករ គឺនៅតែចំណេញលុយរាប់ម៉ឺនដុល្លារ។

អ្នកមីងបានបញ្ជាក់ផងដែរថា តម្លៃហាងឆេងទុរេនឆ្នាំនេះ គាត់លក់ចេញទៅឲ្យឈ្មួញកណ្តាលក្នុង១គីឡូក្រាម តម្លៃ២១,០០០៛ ហើយឆ្នាំនេះក្នុងទុរេនជាង៣០០ដើម គាត់ប្រមូលផល លក់ចេញទទួលបានប្រាក់ចំណេញប្រមាណជាង២ម៉ឺន ដុល្លារ ។ដោយឡែកក្រៅពីប្រមូលផលទុរេន អ្នកមីងក៏ដាំដើមសាវម៉ាវខ្មែរ យកផ្លែសម្រាប់លក់យកកម្រៃបន្ទាប់បន្សំផងដែរ។

ចំពោះបងប្អូនអាជីវករដែលទិញបន្តទុរេនយកទៅលក់បន្ត គាត់និយាយថា លក់យកចំណេញខ្លះៗដោយក្នុងតម្លៃ១គីឡូក្រាម ២៧,០០០៛ ឬ ២៨,០០០៛ ទៅតាមតំបន់ ជួនកាលកន្លែងខ្លះអាចលក់ក្នុងតម្លៃថោកជាងនេះក៏មានដែរ៕ សេង ណារិទ្ធ