ខេត្តស្ទឹងត្រែង៖ ប្រសាសន៍អំពាវនាវរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានធ្វើឡើងក្នុងគ្រាដែលលោក បានដឹកនាំមន្ត្រីខេត្ត ក្រុង មន្ទីរ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាំយកអំណោយរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ និងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការ កាលពីថ្ងៃទី២៧មិថុនាឆ្នាំ២០២១។
នាយទាហាន និងពលទាហាន ដែលត្រូវទទួលបានអំណោយ ជាគ្រឿងឧបភោគ បរិភោគ ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ និងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនោះ ត្រូវគេដឹងថា គឺជានាយទាហាន និងពលទាហាន ដែលកំពុងធ្វើចត្តាឡីស័ក ជាប់ពាក់ព័ន្ធផ្ទាល់ និងពាក់ព័ន្ធជាប្រយោល ជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗ កន្លងមកនេះ។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ នាពេលនោះ រួមមាន៖ អង្ករ ១ពាន់គីឡូក្រាម ស្មើនឹង ១ តោន ,មីយើង ២០កេស ,ត្រីខកំប៉ុង ៤០កេស ,ម៉ាសពេទ្យ ៤កេស ,ទឹកអាល់កុល ៤ កេស ,ទឹកក្ពុលមាត់ ៤ កេស និងថវិកា ២ លានរៀល ផងដែរ ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រីនិងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី-ខេត្តឲ្យយកចិត្តទុកដាក់ និងគិតគូរ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ឲ្យបានជាប្រចាំ និងគ្រប់ពេលវេលា នៅក្នុងស្ថានភាពដែលពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងរងការយាយីដោយជំងឺកូវីដ-១៩ ពិសេស ខេត្តស្ទឹងត្រែងនាពេលនេះ ក៏ជាខេត្តមួយ ដែលកំពុងរងគ្រោះ ពីជំងឺដ៏កាចសាហាវនេះ ផងដែរ។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត ត្រូវឈរលើស្មារតីអត់ធ្មត់ ជាមួយនឹងការខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវឥតស្រមោល កុំឲ្យបន្តឆ្លងចូលក្នុងគ្រួសារ និងសហគមន៍ជាបន្តទៀត។
គួរបញ្ជាក់ថា កាលពីសៅរ៍ចុងសប្តាហ៍ កន្លងមកនេះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំក្រុមការងារ មន្ត្រីខេត្ត ក្រុង មន្ទីរពាក់ព័ន្ធ និងអង្គភាព នៃកងកម្លាំងប្រដាប់អាវុធ អញ្ជើញចុះពិនិត្យ ការយកសំណាកវិភាគ «ការធ្វើតេស្តរហ័ស» ដោយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលមានលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ជាប្រធាន ដែលការធ្វើតេស្តរកមេរោគកូវីដ-១៩នោះ បានធ្វើនៅផ្សារសាមគ្គីស្ទឹងត្រែង និងបានបន្តចុះពិនិត្យមណ្ឌលចត្តាឡីស័កកម្រិត២ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ឆ្នាំ២០២១។
នៅក្នុងដំណើរចុះពិនិត្យការធ្វើតេស្តរកមេរោគកូវីដ-១៩ និងការចុះពិនិត្យមណ្ឌលចត្តាឡីស័កកម្រិត២ នៅក្នុងគ្រានោះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកផ្ទុកមេរោគកូវីដ-១៩ ទាំងអស់ សូមប្រញ៉ាប់ទៅយកសំណាក នៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងមួយចំនួនទៀត ដែលបានកំណត់ដោយក្រុមគ្រូពេទ្យបង្អែកខេត្តស្ទឹងត្រែង។
គិតត្រឹមថ្ងៃ២៧មិថុនាម្សិលមិញ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣១នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ និងមានអ្នកឆ្លងសរុប ១៨៩នាក់ ស្រី ៩២នាក់ អ្នកជាសះស្បើយ ១៣នាក់ ស្រី ៦នាក់ និងកំពុងសម្រាកព្យាបាល ១៧៦នាក់ ស្រី ៨៦នាក់។
រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចផ្អាកសកម្មភាពលក់ដូររបស់អាជីវករ នៅផ្នែកខាងក្នុងផ្សារសាមគ្គីស្ទឹងត្រែង ចាប់ពីថ្ងៃ២៦មិថុនាឆ្នាំ២០២១ និងរដ្ឋបាលខេត្ត ក៏នៅបានដាក់ចេញបម្រាមគោចរណ៍នៅពេលយប់ ដោយផ្អាកជាបណ្តោះអាសន្ន ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងលក់ដូរគ្រឿងស្រវឹងផ្សេងៗ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ រហូតដល់មានការសម្រេចជាថ្មី។
កម្ពុជា នៅថ្ងៃ២៨មិថុនានេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ៤៨ពាន់ ៥៣២នាក់, អ្នកជាសះស្បើយ ៤២ពាន់ ៧៦៤នាក់ និងមានអ្នកស្លាប់សរុប ចំនួន ៥៥៦នាក់ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕





































